
ក្រសួងសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ (១៨ មីនា) ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ ៣១.៧២៦ នាក់ និងមនុស្ស ៧៣.៧៩២ នាក់ផ្សេងទៀតបានរងរបួស។
យោងតាមក្រសួងបានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨១ នាក់ និងបង្ករបួស ១១៦ នាក់ផ្សេងទៀតនៅក្នុងប្រតិបត្តិការយោធាចំនួន ៨ លើកក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់របស់អ៊ីស្រាអែល និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តគិលានសង្គ្រោះ។
អ៊ីស្រាអែល បានវាយលុកតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស ដែលទីក្រុង តែលអាវីវ (Tel Aviv) បាននិយាយថា បានសម្លាប់មនុស្សជិត ១.២០០ នាក់។
យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា សង្គ្រាមអ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានរុញច្រានប្រជាជន ៨៥ ភាគរយនៃទឹកដីនេះឱ្យមានការផ្លាស់ទីលំនៅខាងក្នុង ស្របពេលមានកង្វះស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈដែល ៦០ ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ជុំវិញនោះត្រូវបានខូចខាត ឬបំផ្លាញ៕