
អ្នកស្រុកនៅភូមិ ប៊ូហេរ៉ា (Buhera) នៃប្រទេសហ្ស៊ីមបាបវ៉េ បានឈរជាក្រុមនៅសាលាបឋមសិក្សាមួយដើម្បីរង់ចាំទទួលបានអំណោយសង្គ្រោះជីវិត គ្រាប់ធញ្ញជាតិ សណ្តែក និងប្រេងឆា ខណៈភាពស្រេកឃ្លានបានវាយលុកប្រទេសអាហ្វ្រិកមួយនេះ ដោយសារដំណាំក្រៀមស្វិតក្នុងគ្រោះរាំងស្ងួត។ មន្រ្តីម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលកំពុងពិចារណាថាតើត្រូវប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ឬយ៉ាងណា។
ហ្សីមបាបវ៉េ បានបរាជ័យក្នុងការចិញ្ចឹមខ្លួនឯងចាប់តាំងពីឆ្នាំ២០០០មក នៅពេលដែលអតីតប្រធានាធិបតី រ៉ូប៊ីត មូហ្កាបេ (Robert Mugabe) រឹបអូសយកកសិដ្ឋានដែលកាន់កាប់ដោយជនជាតិស្បែកស ដោយបានរំខានដល់ផលិតកម្ម និងនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃទិន្នផល ដែលធ្វើឱ្យប្រជាជនហ្ស៊ីមបាបវ៉េ ជាច្រើនពឹងផ្អែកលើជំនួយអាហារសម្រាប់ការរស់រានមានជីវិត។
វិបត្តិនេះកាន់តែធ្ងន់ធ្ងរឡើងដោយគ្រោះរាំងស្ងួតដែលបង្កឡើងដោយគំរូអាកាសធាតុអ៊ែលនីញ៉ូ (El Nino) ដែលបានវាយប្រហារប្រទេសអាហ្វ្រិកខាងត្បូងជាច្រើន។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថាមនុស្ស ២,៧ លាននាក់ នឹងប្រឈមភាពស្រេកឃ្លាននៅឆ្នាំនេះ ខណៈចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ។
អ៊ែលនីញ៉ូ គឺជាបាតុភូតអាកាសធាតុដែលកើតឡើងដោយធម្មជាតិ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរំខាននៃលំនាំខ្យល់ ដែលមានន័យថាសីតុណ្ហភាពផ្ទៃមហាសមុទ្រកាន់តែក្តៅនៅភាគខាងកើត និងកណ្តាលប៉ាស៊ីហ្វិក៕