
ទីជម្រកនៅរដ្ឋ អារីហ្សូណា (Arizona) មានទីតាំងនៅតំបន់ ភីម៉ា (Pima) ដែលដាក់អ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ នឹងបញ្ឈប់ប្រតិបត្តិការភាគច្រើនក្នុងរយៈពេល ២ សប្តាហ៍ ដោយសារមូលនិធិពីទីក្រុងវ៉ាស៊ីនតោន ជិតអស់ ដែលបង្កបញ្ហាដល់ក្រុមមន្ត្រីក្រុងនៅតាមព្រំដែន ខណៈភ័យខ្លាចថាមានការកើនឡើងនៃចំនួនអ្នកគ្មានផ្ទះសម្បែង។
យោងតាមអភិបាលតំបន់ ភីម៉ា លោកស្រី ជែន លេស្ហឺ (Jan Lesher) បានឱ្យដឹងថា តំបន់នេះមិនអាចមានលទ្ធភាពចំណាយប្រហែល ១ លានដុល្លារក្នុងមួយសប្តាហ៍ ដែលមូលនិធិសហព័ន្ធពីមុនបានរ៉ាប់រងនោះទេ។
សភាអាមេរិក មានកាលបរិច្ឆេទកំណត់ត្រឹមថ្ងៃសុក្រ ខាងមុខនេះដើម្បីផ្តល់មូលនិធិដល់នាយកដ្ឋានសន្តិសុខមាតុភូមិ (DHS) ដែលបង់ថ្លៃសេវាដល់ជនអន្តោប្រវេសន៍ ដើម្បីទីជម្រកផ្សេងៗបន្តប្រតិបត្តិការ។
របាយការណ៍សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ការផ្តល់មូលនិធិបន្ថែមសម្រាប់ទីជម្រក និងសេវាដឹកជញ្ជូន ត្រូវបានជាប់គាំងនៅក្នុងការប្រយុទ្ធនយោបាយទូលំទូលាយលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការចំណាយរបស់រដ្ឋាភិបាល ហើយសភាកំពុងជាប់គាំងមួយផ្នែកធំដោយសារតែនយោបាយឆ្នាំបោះឆ្នោត។
របាយការណ៍បន្ថែមថា មានផលលំបាកផ្តល់មូលនិធិស្រដៀងនេះនៅតាមព្រំដែនផ្សេងទៀត និងនៅក្នុងទីក្រុងឆ្ងាយៗដូចជាទីក្រុងញូវយ៉ក ក្រុងឈីខាហ្គោ (Chicago) និងក្រុង ឌែនវើ (Denver) ជាដើម ដែលបានទទួលរ៉ាប់រងផ្គត់ផ្គង់ជនអន្តោប្រវេសន៍៕