
ក្រុមនគរបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា នគរបាលកូឡុំប៊ី រឹបអូសបានប្រេងឆៅជាង ៧លានហ្គាឡុង អំឡុងការវាយឆ្មក់លើរោងចក្រចម្រាញ់ប្រេងខុសច្បាប់ នៅក្នុងប្រតិបត្តិការមួយមានគោលដៅលើការផលិតប្រេងលួចលាក់ ក្នុងខេត្ត Norte de Santander ។
ក្រុមនគរបាលនិយាយថា ប្រេងត្រូវបានចម្រាញ់ពីប្រេងឆៅដែលលួចពីបំពង់បង្ហូរប្រេងដោយក្រុមឧក្រិដ្ឋជន និងជាគ្រឿងផ្សំដ៏សំខាន់ក្នុងការផលិតកូកាអ៊ីន ។ វាអាចលាយផងដែរជាមួយសាំង ឬប្រេងម៉ាស៊ូត ហើយប្រើប្រាស់ដើម្បីដំណើរការម៉ាស៊ីននៅក្នុងប្រតិបត្តិការរ៉ែខុសច្បាប់ ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅតំបន់ Tibu ស្ថិតក្នុងខេត្ត Norte de Santander នៅជិតព្រំដែនកូឡុំប៊ីជាមួយប្រទេសវេណេស៊ុយអេឡា ។
សេចក្តីថ្លែងការណ៍បន្តថា ក្រុមនគរបាល ដណ្តើមបានគ្រប់គ្រងអាងប្រេងចំនួន ១៣អាងដែលប្រើប្រាស់សម្រាប់ស្តុកអ៊ីដ្រូកាបូន រឹបអូសបានរោងចក្រចម្រាញ់ប្រេងបណ្តោះអាសន្នចំនួន ៥កន្លែង ឧបករណ៍ចម្រាញ់ប្រេងចំនួន ១៧ និងអ៊ីដ្រូកាបូនចម្រាញ់រួចចំនួន ៤.២៥០ហ្គាឡុង ។
សូមបញ្ជាក់ថា ការចម្រាញ់ប្រេងលួចលាក់ គឺជាបញ្ហាធំនៅក្នុងប្រទេសកូឡុំប៊ី ជាទីដែលប្រេងឆៅរាប់ពាន់បារ៉ែល ត្រូវបានគេលួចជារៀងរាល់ថ្ងៃ ៕