
ក្រោយពីមានការចលាចលប៉ុន្មានថ្ងៃនេះ គេឃើញថា ផ្លូវដ៏ធំទូលាយដែលឆ្លងកាត់ពីមុខអាកាសយានដ្ឋានអន្តរជាតិ Toussaint Louverture (ទូស៊ាំងឡូវែរទែរ) របស់ប្រទេសហៃទី កំពុងស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់។ កន្លែងដែលធ្លាប់មានរថយន្ត និងហ្វូងមនុស្សយ៉ាងណែនណាន់តាន់តាប់ ឃើញតែផ្សែងហុយចេញពីគំនរសំរាមដែលឆេះយ៉ាងសន្ធោសន្ធៅ ដោយធ្វើឲ្យបរិយាកាសមានសភាពសោះកក្រោះ។
ជាមួយគ្នានេះ គេឃើញរថពាសដែកនគរបាល នៅក្បែរនោះ ហើយមន្ត្រីនគរាបាល ២-៣នាក់ បិទមុខរបស់ពួកគេជាមួយនឹងមួកគ្របក្បាលជិត។ ផ្លូវនេះមើលទៅស្ទើរតែត្រូវបោះបង់ចោល ទោះបីជានៅក្រោយគ្រោះមហន្តរាយ ជាបទពិសោធន៍ដែលប្រជាជននៅទីក្រុង Port-au-Prince (ព័រអូប្រាំង) ដឹងច្បាស់ជាងមនុស្សភាគច្រើន។ ប៉ុន្តែការចាកចេញពីទីក្រុងមិនមែនជាជម្រើសនៅពេលនេះនោះទេ។ អាកាសយានដ្ឋានដែលស្ថិតក្រោមការឡោមព័ទ្ធដោយក្រុមអន្ធពាលត្រូវបានបង្ខំឲ្យបិទ។ ចាប់តាំងពីដើមខែនេះ ក្រុមឧក្រិដ្ឋជនបាន និងកំពុងវាយប្រហារដោយមានការសម្របសម្រួលមិនធ្លាប់មានពីមុនមកលើអ្វីដែលនៅសល់ចុងក្រោយរបស់រដ្ឋហៃទី ដែលមានដូចជាអាកាសយានដ្ឋាន ស្ថានីយនគរបាល អគាររដ្ឋាភិបាល និងមន្ទីរពិសោធន៏ជាតិជាដើម។ ការវាយប្រហាររួមគ្នាដែលជាលទ្ធផលចេញពីការកើនឡើងនៃការគ្រប់គ្រងលើក្រុមអន្ធពាលជាច្រើនឆ្នាំ និងការខឹងសម្បាជាសាធារណៈ បានជំរុញឲ្យនាយករដ្ឋមន្ត្រីលោក Ariel Henry ចុះចេញពីតំណែង កាលពីសប្តាហ៍មុន ដែលជាការចុះញ៉មដ៏គួរឲ្យភ្ញាក់ផ្អើល ដោយមិនទទួលបានជោគជ័យក្នុងការស្ដារសន្តិភាព។
ក្រុមក្មេងអន្ធពាលរបស់ទីក្រុងព័រអូប្រាំងនៅតែកំពុងបិទការផ្គត់ផ្គង់អាហារ ប្រេង និងទឹក នៅទូទាំងទីក្រុង។ ដោយអាចជាផ្នែកនៃមុខងារចុងក្រោយរបស់រដ្ឋ នគរបាលជាតិរបស់ហៃទីបន្តប្រយុទ្ធ ដោយតស៊ូដើម្បីដណ្ដើមយកទីតាំងមកវិញម្ដងមួយប្លុកៗ នៅទូទាំងទីក្រុង។ ប៉ុន្តែចលនាតស៊ូរបស់អ្នកទីក្រុង ហាក់បីដូចជាកំពុងធ្លាក់ចុះ ដោយសារសង្គ្រាមដ៏ខ្លាំងក្លាក្នុងទីក្រុងនេះ បានបំផ្លាញទំនាក់ទំនងជាមូលដ្ឋានរបស់មនុស្ស។ នៅក្នុងសង្កាត់មួយនៃទីក្រុងព័រអូប្រាំង កាលពីថ្ងៃចន្ទ (ទី១៨ ខែមីនា) ហ្វូងមនុស្សបានចាប់បុរសម្នាក់ដែលពួកគេចោទប្រកាន់ថា ជាសមាជិករបស់ក្រុមអន្ធពាលនៅក្បែរនោះ ដោយបង្ខំឲ្យរូបគេដើរតាមផ្លូវឆ្ពោះទៅកាន់ទីបញ្ចុះសព មុនពេលសម្លាប់ជននោះ ហើយដុតសាកសព នៅតាមផ្លូវ។ នេះបើតាមប្រភពនៅក្នុងសហគមន៍បានប្រាប់សារព័ត៌មាន CNN។ ចលនាប្រឆាំងនឹងក្រុមអន្ធពាល បានឃើញថា សហគមន៍បង្កើតគណៈកម្មាធិការការពារសង្កាត់ ដោយមានបន្ទាយរួមគ្នា ប្រព័ន្ធឃ្លាំមើល ប៉ុស្តិ៍ត្រួតពិនិត្យ និងសូម្បីតែការល្បាត៕