
លោក Wang Shihting ឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនប្រចាំប្រទេសអ៊ឺរ៉ុប បាននិយាយថា ប្រទេសរបស់លោក កំពុងពិចារណាអំពីការចូលរួមក្នុងសន្និសីទសន្តិភាពស្ដីពីអ៊ុយក្រែនដែលគ្រោងឡើងដោយប្រទេសស្វីស។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Neue Zuercher Zeitung (NZZ) លោក Wang បានបញ្ជាក់ថា ប្រទេសចិន កំពុងអនុវត្តតាមផែនការសម្រាប់កិច្ចពិភាក្សានេះយ៉ាងយកចិត្តទុកដាក់ ហើយកំពុងសម្លឹងមើលលទ្ធភាពនៃការចូលរួម។
លោក Wang បានប្រាប់ថា៖ «គ្រប់ភាគីទាំងអស់ គួរតែធ្វើការដើម្បីបញ្ចប់សង្គ្រាមនេះ។ វិបត្តិនេះត្រូវតែបានទប់ស្កាត់កុំឲ្យកាន់តែអាក្រក់ឡើងៗ ឬក៏មិនអាចគ្រប់គ្រងបាននោះ»។
ប្រទេសស្វីសដែលនៅតែរក្សាអព្យាក្រឹតភាពដដែលជាប្រវត្តិសាស្ត្រ ក្នុងជម្លោះអឺរ៉ុបនោះ មានបំណងចាប់ផ្តើមឲ្យមានការចរចានៅរដូវក្តៅនេះ។ ដោយនិយាយសំដៅប្រទេសមួយចំនួនដែលរួមមាន ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង រដ្ឋមន្ត្រីការពារជាតិ លោកស្រី Viola Amherd បានប្រាប់សារព័ត៌មាន NZZ កាលពីខែមុនថា ខ្លួនបានអញ្ជើញប្រទេសចិនឲ្យចូលរួម ហើយចង់បង្កើត «សម្ព័ន្ធភាពដ៏ធំទូលាយមួយដែលរួមមានបណ្តារដ្ឋ BRICS បណ្ដាប្រទេសមកពីពិភពអារ៉ាប់ និងពីតំបន់ Global South (ប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូង)»៕