
មន្ត្រីសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនឹងធ្វើសន្និសីទបិទទ្វារ នៅថ្ងៃពុធ (ទី២០ ខែមីនា) ដើម្បីផ្ដល់ព័ត៌មានដល់សមាជិកព្រឹទ្ធសភានៃគណៈកម្មាធិការពាណិជ្ជកម្ម និងស៊ើបការណ៍ ពាក់ព័ន្ធនឹងការគំរាមកំហែងដែលបង្កឡើង ដោយកម្មវិធីវីដេអូខ្លីៗរបស់បណ្ដាញសង្គម TikTok។ នេះបើតាមជំនួយការរបស់គណៈកម្មាធិការដែលប្រាប់មកសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ (ទី១៨ ខែមីនា)។
សន្និសីទសង្ខេបព័ត៌មានសម្ងាត់នេះ ត្រូវបានរៀបចំឡើងដោយប្រធានគណៈកម្មាធិការទាំង២ គឺលោក Mark Warner និងលោកស្រី Maria Cantwell និងសមាជិកជាន់ខ្ពស់របស់គណបក្សសាធារណរដ្ឋនៃក្រុមប្រឹក្សានេះ គឺលោក Marco Rubio និងលោក Ted Cruz។ ព្រឹទ្ធសភាកំពុងពិចារណាពីរបៀបអនុវត្ត បន្ទាប់ពីសភាតំណាងរាស្រ្តបានបោះឆ្នោតកាលពីសប្តាហ៍មុន លើសចេក្ដីស្នើច្បាប់មួយ ដើម្បីបង្ខំឲ្យក្រុម ByteDance ដែលមានមូលដ្ឋាននៅចិនលក់បណ្ដាញសង្គម TikTok ក្នុងរយៈពេល ៦ខែ ឬបើមិនដូច្នោះទេប្រឈមនឹងការហាមឃាត់។
ជោគវាសនារបស់ TikTok ដែលប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល ១៧០លាននាក់ បានក្លាយជាបញ្ហាចម្បងនៅទីក្រុងវ៉ាស៊ីនតោន ដែលសមាជិកសភាបានជួបនឹងការហៅទូរស័ព្ទយ៉ាងច្រើនពីអ្នកប្រើប្រាស់ TikTok ដែលប្រឆាំងនឹងច្បាប់នេះ។ សមាជិកសភាជាច្រើននាក់ និងរដ្ឋបាលរបស់លោក Joe Biden និយាយថា TikTok បង្កហានិភ័យសន្តិសុខជាតិ ពីព្រោះប្រទេសចិនអាចបង្ខំឲ្យ TikTok ចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់អាមេរិក ខណៈដែល TikTok ទទូចថា ខ្លួនមិនធា្លប់ និងនឹងមិនចែករំលែកទិន្នន័យអាមេរិកនោះឡើយ៕