
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និយាយនៅថ្ងៃអង្គារនេះថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកទៅកាន់តំបន់មជ្ឈិមបូព៌ា មានគោលបំណងជាច្រើន រួមទាំងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ ហើយនិងការទទួលបានការដោះលែងចំណាប់ថ្នូរ ។
ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ និយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីហ្វីលីពីន Enrique Manolo ថា ដំណើរទស្សនកិច្ចនេះ នឹងពិភាក្សាលើស្ថាបត្យកម្មត្រឹមត្រូវសម្រាប់សន្តិភាពក្នុងតំបន់យូរអង្វែង ។
លោក Blinken និយាយផងដែរថា សហរដ្ឋអាមេរិកបានទាក់ទងអ៊ីស្រាអែលលើតម្រូវការឲ្យមានផែនការសម្រាប់តំបន់ហ្កាហ្សា ពេលបញ្ចប់ជម្លោះកំពុងកើតឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
អ៊ីស្រាអែល និយាយថា ពួកគេនឹងព្យាយាមឲ្យជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប ពីគ្រប់ជ្រុង ស្របពេលដែលកើតមានសំពាធសកលលោកឲ្យដោះស្រាយបញ្ហាកើនឡើងនៃភាពស្រេកឃ្លាននៅក្នុងតំបន់ឡោមព័ទ្ធមួយនេះ ។
គួរឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានទៅដល់ប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន ចំពេលមានភាពតានតឹងក្នុងតំបន់ កំពុងកើនឡើងជាមួយប្រទេសចិន ។
ដំណើរទស្សនកិច្ចនេះ ក៏ទំនងជាត្រូវបានគេមើលឃើញថា ជាការពង្រឹងការគាំទ្ររបស់អាមេរិកសម្រាប់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos ដែលបានងាកទៅរកទីក្រុងវ៉ាស៊ីនតោន មិនដូចអ្នកស្នងតំណែងមុនរបស់ខ្លួន គឺលោក Rodrigo Duterte ដែលបានជំរុញការទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ៕