
ឧបនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសនៅថ្ងៃអង្គារនេះ បានការពារសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសមជ្ឈិមបូព៌ានេះ និងអ្នកគាំទ្រដ៏ធំបំផុតរបស់ខ្លួន ប៉ុន្តែបានអំពាវនាវឲ្យមាន «បទឈប់បាញ់ជាបន្ទាន់» នៅតំបន់ហ្កាហ្សា ក្រោមហេតុផលមនុស្សធម៌។
លោក Oliver Dowden បាននិយាយថា រដ្ឋាភិបាលអង់គ្លេស កំពុង «បន្ត»ជំរុញអ៊ីស្រាអែលឲ្យគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយថែមទាំងបានលើកឡើងពីការព្រួយបារម្ភអំពីការទទួលបានជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ជាទីដែលវិបត្តិមនុស្សធម៌ កំពុងកើតឡើង បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល៦ខែ។
លោកបានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយនៅទីក្រុងសេអ៊ូល ជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូលដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់លទ្ធិប្រជាធិបតេយ្យថា៖«នោះហើយជាមូលហេតុដែលយើងកំពុងអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យជំនួយនោះចូល ហើយកាន់តែសំខាន់ទៅទៀតនោះ គឺចំណាប់ថ្នូរ ត្រូវបានដោះលែង»។
ការអត្ថាធិប្បាយរបស់លោក Dowden បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសំណួរអំពីភាពតានតឹងរវាង អ៊ីស្រាអែល និងសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិកជុំវិញការដោះស្រាយសង្រ្គាមរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ជាពិសេសការរំពឹងទុកអំពីការជំរុញយោធាចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលជាកន្លែងសុវត្ថិភាពចុងក្រោយ នៅក្នុងទឹកដីដ៏តូច និងមានមនុស្សដ៏ច្រើនកកកុញ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានព្រមានលោកណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទថា ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា នឹងធ្វើឲ្យមានភាពអនាធិបតេយ្យកាន់តែខ្លាំងឡើង នៅក្នុងតំបន់ហ្កាហ្សា ហើយពួកគេ បានយល់ព្រមថា ក្រុមមកពីភាគីនីមួយៗ នឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បី ពិភាក្សាអំពីបញ្ហានេះ។