
សេចក្តីស្នើច្បាប់ដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ក្នុងការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសរ៉្វាន់ដា បានខិតកាន់តែជិតក្នុងការក្លាយជាច្បាប់ហើយ កាលពីថ្ងៃចន្ទ (ទី១៨ ខែមីនា) បន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានច្រានចោលរាល់ការកែប្រែនានា ដែលបានស្នើឡើងពីសភាជាន់ខ្ពស់។
នៅក្រោមសេចក្ដីស្នើច្បាប់រ៉្វាន់ដានេះ អ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេសតាមទូកតូចៗ នឹងត្រូវបញ្ជូនទៅប្រទេសរ៉្វាន់ដា ប៉ុន្តែរហូតមកដល់ពេលនេះគ្មាននរណាម្នាក់ត្រូវបានគេនិរទេសនោះទេ ដោយសារតែបញ្ហាប្រឈមផ្លូវច្បាប់ដែលកំពុងបន្តមាន។
សភាជាន់ទាបបានបោះឆ្នោតលុបចោលសំណើវិសោធនកម្មចំនួន១០ ដែលត្រូវបានស្នើឡើងដោយសមាជិកសភាមិនជាប់ឆ្នោតនៅក្នុងសភាជាន់ខ្ពស់ ក្នុងនោះរួមទាំងការស្នើឡើងដែលព្យាយាមឲ្យមានការធានាថា ច្បាប់នេះអនុលោមតាមច្បាប់ទាំងក្នុងប្រទេស និងអន្តរជាតិ និងឲ្យមានការលើកលែង ប្រសិនបើអ្នកនោះធ្វើការជាមួយកងកម្លាំងប្រដាប់អាវុធអង់គ្លេស។
ច្បាប់ដែលព្យាយាមបញ្ចប់ការរារាំងផ្លូវច្បាប់ដោយប្រកាសថា រ៉ា្វន់ដាជាប្រទេសដែលមានសុវត្ថិភាព និងដើម្បីលុបចោលផ្នែកខ្លះនៃច្បាប់សិទ្ធិមនុស្សរបស់ចក្រភពអង់គ្លេសនោះ ឥឡូវនេះនឹងបញ្ចូនត្រឡប់ទៅសភាជាន់ខ្ពស់វិញ ដើម្បីធ្វើការបោះឆ្នោត នៅថ្ងៃពុធ។ ហើយប្រសិនបើទទួលបានការអនុម័តដោយគ្មានការកែប្រែអ្វីនោះ វាអាចក្លាយជាច្បាប់ជាធរមាន នៅដើមសប្តាហ៍នេះ៕