
បេសកកម្មស្វែងរកការពិតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (ទី១៨ ខែមីនា) បាននិយាយថា ការស្លាប់របស់នាង Mahsa Amini ពេលស្ថិតនៅក្រោមការឃុំឃាំងរបស់នគរបាលសីលធម៌អ៊ីរ៉ង់ គឺ «ខុសច្បាប់» និងបណ្តាលមកពីការប្រើអំពើហិង្សា ហើយស្ត្រីនៅក្នុងប្រទេសនេះ នៅតែទទួលរងនូវការរើសអើងគ្រប់ទីកន្លែង។
សូមរំលឹកថា នាង Amini វ័យ ២២ឆ្នាំ ដែលជាស្ត្រីជនជាតិអ៊ីរ៉ង់-ឃឺដ បានស្លាប់កាលពីខែកញ្ញា ឆ្នាំ២០២២ ខណៈពេលដែលនាងកំពុងជាប់ឃុំឃាំង ដោយសាររងការចោទប្រកាន់ថា បានរំលោភលើច្បាប់សម្លៀកបំពាក់របស់អ្នកកាន់សាសនាអ៊ីស្លាម ហើយការស្លាប់នោះបាននាំមានការតវ៉ាជាច្រើនខែនៅទូទាំងប្រទេសអ៊ីរ៉ង់។
ប្រធានបេសកកម្មស្វែងរកការពិតអន្តរជាតិឯករាជ្យេពាក់ព័ន្ធនឹងអ៊ីរ៉ង់ លោកស្រី Sara Hossain បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «ការស្លាប់របស់នាង Jina Mahsa Amini គឺជាការស្លាប់ដោយខុសច្បាប់ ហើយយើងជឿថា រដ្ឋគឺជាអ្នកទទួលខុសត្រូវ»។
លោកស្រីបានប្រាប់ថា ការតវ៉ាដែលកើតមានឡើងបន្ទាប់ពីនោះ ត្រូវបានសម្គាល់ដោយ «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» ដោយក្នុងនោះរួមទាំងការកាត់ទោសប្រហារជីវិតក្រៅប្រព័ន្ធតុលាការ ការចាប់ខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការប្រព្រឹត្តយ៉ាងអាក្រក់ ក៏ដូចជាការរំលោភ និងអំពើហិង្សាផ្លូវភេទជាដើម។
លោកស្រី Hossain បានបន្តថា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក៏បានកើតឡើងផងដែរ។ ហើយលោកស្រីបានបញ្ជាក់បន្ថែមថា ចាប់តាំងពីមានការតវ៉ានោះមក ស្ត្រី និងក្មេងស្រីនៅប្រទេសអ៊ីរ៉ង់ ត្រូវប្រឈមជារៀងរាល់ថ្ងៃជាមួយនឹងការរើសអើងដែល «ប៉ះពាល់ស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតឯកជន និងសាធារណៈរបស់ពួកគេ»៕