
កងកម្លាំងសន្តិសុខសាធារណរដ្ឋដូមីនីកនៅតាមតំបន់ព្រំដែនភាគពាយ័ទ្យរបស់ពួកគេជាមួយប្រទេសហៃទី បានប្រុងជើងការខ្ពស់ ស្របពេលអំពើហិង្សាកើនឡើងនៅប្រទេសស្ថិតក្នុងតំបន់ការ៉ាអ៊ីបមួយនេះ ។
ទាហានដូមីនីក បានយាមកាម ពេលដែលពលរដ្ឋងហៃទី យួរកន្រ្តក និងទំនិញ ធ្វើដំណើរទៅកាន់ផ្សារខេត្ត Dajabon ដោយសង្ឃឹមថានឹងអាចចូលប្រទេសមួយនេះបាន ។
ប៉ុន្តែលោក David Sosa គឺជាសមាជិកព្រឹទ្ធសភាខេត្ត Dajabon និយាយថា ភាគច្រើននៃពលរដ្ឋហៃទីធ្វើដំណើរឆ្លងកាត់ចូលផ្សារ ពួកគេគ្រាន់តែចង់ទិញទំនិញប៉ុណ្ណោះ ហើយពួកគេមិនមានបំណងស្នាក់នៅក្នុងសាធារណរដ្ឋដូមីនីកនោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយ អំពើហិង្សាដែលនៅតែបន្ត និងភាពអត់ឃ្លានញាំញីនៅក្នុងប្រទេសហៃទី បានរុញឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោណហៃទីរាប់ពាន់នាក់រត់ចូលទៅក្នុងប្រទេសជិតខាងសាធារណរដ្ឋដូមីនីក ដែលនាំឲ្យមានភាពតានតឹងកើនឡើងនៅតាមព្រំដែន ។
នគរបាលជាតិដូមីនីក បាននិងកំពុងប្រម្រែប្រមូលជនជាតិហៃទីជាច្រើនដែលបានឆ្លងព្រំដែន ក្រោយការបើករថយន្តដេញតាម ។ នគរបាលបាននិយាយថា ថ្មីៗនេះពួកគេបានចាប់ជនជាតិហៃទី៤០នាក់ សង្ស័យពីបទប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម នៅលើទឹកដីរបស់ខ្លួន និងបានបញ្ជូនពួកគេត្រឡប់ទៅកាន់ប្រទេសហៃទីវិញ ។
ប្រធានទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្ស ៤លាននាក់នៅប្រទេសហៃទី ប្រឈមអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរ និង១លាននាក់ផ្សេងទៀត ស្ទើរតែធ្លាក់ចូលក្នុងគ្រោះទិរ្ភិក្ស ៕