
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទបានទាមទារឱ្យបញ្ឈប់ការវាយប្រហារលើនាវានៅសមុទ្រក្រហមដោយកងជីវពលក្រុមហ៊ូទីនៅប្រទេសយេម៉ែន ហើយអំពាវនាវឱ្យមានភាពអត់ធ្មត់ ដើម្បីបញ្ចៀសការកើនឡើងស្ថានភាពតានតឹងបន្ថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកក្រុមប្រឹក្សាសន្តិសុខ បានថ្កោលទោសការវាយប្រហាររបស់ ក្រុមហ៊ូទី លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម និងទាមទារឱ្យបញ្ឈប់ការវាយប្រហារបែបនេះជាបន្ទាន់។ សមាជិកក្រុមប្រឹក្សាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែង រួមទាំងជាមួយរដ្ឋាភិបាលប្រទេសយេម៉ែន ដើម្បីទប់ស្កាត់ក្រុមហ៊ូទី ពីការទិញអាវុធ និងសម្ភារៈពាក់ព័ន្ធដែលចាំបាច់សម្រាប់ ការវាយប្រហារបន្ថែមទៀត និងបានរំលឹកឡើងវិញថា រដ្ឋសមាជិកអង្គការសហប្រជាជាតិទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួនទាក់ទងនឹងការហាមឃាត់អាវុធដែលមានគោលដៅ។
សមាជិកក្រុមប្រឹក្សាបានអះអាងសារជាថ្មីថា ការអនុវត្តសិទ្ធិ និងសេរីភាពការធ្វើនាវាចរណ៍ ដោយពាណិជ្ជករ និងនាវាពាណិជ្ជកម្មនៃរដ្ឋទាំងអស់ដែលឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb ស្របតាមច្បាប់អន្តរជាតិ ត្រូវតែគោរព។ ពួកគេបានរំលឹកពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្នុងតំបន់ ដើម្បីទប់ទល់ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ហើយបានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រក្រហម ដើម្បីរក្សាដំណើរការសន្តិភាពនៅយេម៉ែន។
សមាជិកក្រុមប្រឹក្សាបានអំពាវនាវបន្ថែមទៀតឱ្យបន្តការចូលរួមពីអន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ និងរដ្ឋនៅតាមឆ្នេរសមុទ្រ ព្រមទាំងជាមួយអង្គការក្នុងតំបន់ និងអនុតំបន់ ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀតនូវផលវិបាកដែលអាចកើតមាន។