
នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋហ្កាហ្សាស្រ្ទីប នាំគ្នារុករកអ្នករស់រាននៅក្រោមគំនរអគារបាក់បែក ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Rafah ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា មនុស្ស ១៤នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួស ពេលអ៊ីស្រាអែលវាយប្រហារទីក្រុងភាគខាងត្បូង Rafah ជាទីដែលជនប៉ាឡេស្ទីនជាង ១លាននាក់ ស្វែងរកទីជម្រកនៅទីនោះ ។
នៅថ្ងៃអង្គារនេះដែរ ជនប៉ាឡេស្ទីន នាំគ្នាកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Rafah ។
ស្រ្តីនាំគ្នាទ្រហោយំ ពេលដែលមនុស្សជួបជុំគ្នានៅជុំវិញសាកសពរុំក្នុងថង់ពណ៌ស និងខ្មៅ ។
ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ ៣១.៧២៦ នាក់ និងមនុស្ស ៧៣.៧៩២ នាក់ផ្សេងទៀតបានរងរបួស ។
ពួកគេបន្តថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨១ នាក់ និងបង្ករបួស ១១៦ នាក់ផ្សេងទៀតនៅក្នុងប្រតិបត្តិការយោធាចំនួន ៨ លើកក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល ៕