
ក្រសួងការពារជាតិស៊ីរី បាននិយាយថា កាលពីព្រឹកថ្ងៃអង្គារ អ៊ីស្រាអែល បានបាញ់មីស៊ីលទៅកាន់គោលដៅយោធាជាច្រើន នៅខាងក្រៅរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី ដែលបណ្តាលឲ្យមាន «ការខូចខាតសម្ភារៈមួយចំនួន» ។
ក្រសួងបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយថា កងការពារដែនអាកាសស៊ីរី ស្ទាក់ចាប់បានមីស៊ីលរបស់ អ៊ីស្រាអែល ហើយបានបាញ់ទម្លាក់មួយចំនួន។
អ៊ីរ៉ង់ធ្លាប់ជាអ្នកគាំទ្រដ៏សំខាន់របស់លោកប្រធានាធិបតី បាសា អាល់ អាសាដ ( Bashar al-Assad) ក្នុងអំឡុងពេលជម្លោះជិត ១២ឆ្នាំ នៅប្រទេសស៊ីរី។ ការគាំទ្ររបស់ខ្លួនចំពោះក្រុងដាម៉ាស និងក្រុមហេស បូឡាលីបង់ បានទាក់ទាញការវាយប្រហារតាមអាកាសជាប្រចាំរបស់អ៊ីស្រាអែល សំដៅទប់ស្កាត់អំណាចយោធាក្រៅទឹកដីរបស់ទីក្រុងតេអេរ៉ង់។
ការវាយប្រហារទាំងនោះ បានកើនឡើង ស្របតាមភាពតានតឹងក្នុងតំបន់កំពុងកើនឡើង ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា មកលើអ៊ីស្រាអែល ដោយមានមន្ត្រីឆ្មាំបដិវត្តន៍អ៊ី រ៉ង់ចំនួន៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបស់អ៊ីស្រាអែលទៅលើប្រទេសស៊ីរី ចាប់តាំងពីខែធ្នូ។
សារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅក្នុងខែកុម្ភៈថា ជាលទ្ធផល ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានកាត់បន្ថយការដាក់ពង្រាយមន្ត្រីជាន់ខ្ពស់របស់ពួកគេ នៅក្នុងប្រទេសស៊ីរី ហើយបានគ្រោងនឹងពឹងផ្អែកលើកងជីវពលស៊ីអ៊ីតដែលជាសម្ព័ន្ធមិត្តបន្ថែមទៀត ដើម្បីបន្តការគ្រប់គ្រងរបស់ពួកគេ នៅទីនោះ។