ឧត្តរមានជ័យ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនលោក អ៊ុ ណុក មាន ជាបុគ្គលលេងរៀងទី៥លាន បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ដោយទទួលបានថវិកា ១០លានរៀន និងគ្រឿងឧបភោគ បរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម លេង ផាលី ប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិតិ្តយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចាក់វ៉ាក់សាំងជូនលោកអ៊ុ ណុក មាន ជាកសិករអាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាបុគ្គលលេខរៀងទី៥លាន ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយទទួលបានថវិកា១០លានរៀល និងគ្រឿងឧបភោគ បរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្កមប្រធាន ហ៊ុន ម៉ានី ស្ម័គ្រចិត្តចូលរួមកិច្ចការសង្គម បម្រើប្រជាជន និងជាតិមាតុភូមិគ្រប់ទីកន្លែង មិនថាទីជិត ទីឆ្ងាយឯនាយជាយដែននោះទេ។ និយាយដោយឡែកកម្លាំងជំនាញក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មាន២២ក្រុម ស្មើនឹង២២០នាក់ ដឹកនាំដោយប្រធានក្រុមសម្របសម្រួល១៨នាក់ និងជំនួយការចំនួន៥៣នាក់ សរុបទាំងអស់មានចំនួន២៩១នាក់ ដើម្បីចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តឧត្តរមានជ័យ គឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំនួន៣ក្រុង-ស្រុក ដូចជា៖ នៅក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ដោយដូសទី១ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែកក្កដា និងដូសទី២ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ ក្នុងនាមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លេង ផាលី ក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងកិច្ចការសង្គមនេះ និងចូលរួមជួយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានចំនួន ច្រើន តាមគោលការណ៍របស់រាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ-១៩។ ដូច្នេះសូមឲ្យប្រជាពលររដ្ឋដែលគ្រប់អាយុត្រូវចាក់វ៉ាក់សាំង សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស បានប្រគល់ថវិកា១០លានរៀន និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ជូនបុគ្គលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៥លាន ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺលោកអ៊ុ ណុក មាន ជាកសិករអាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕អត្ថបទ ៖ រដ្ឋា






