
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jianនិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកគ្មានសិទ្ធិជ្រៀតជ្រែកចូលក្នុងជម្លោះសមុទ្ររវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំងនោះឡើយ ហើយចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារដែនដីរបស់ខ្លួន ។
អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងម៉ានីល រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃអង្គារនេះថា សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង បង្កឲ្យមានប្រតិបត្តិកម្មអន្តរជាតិទូលំទូលាយជាងមុន ហើយទីក្រុងវ៉ាស៊ីងតោន បានចូលរួមវិស័យការទូត ដើម្បីបញ្ជាក់ឡើងវិញពីច្បាប់អន្តរជាតិ ។
លោក Jianនិយាយក្នុងសន្និសិទសារព័ត៌មាននៅទីក្រុងប៉េកាំងថា សហរដ្ឋអាមេរិកមិនមែនជាភាគីនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ហើយពួកគេក៏គ្មានសិទ្ធិជ្រៀតជ្រែកបញ្ហាសមុទ្ររវាងប្រទេសចិន និងប្រទេសហ្វីលីពីននោះដែរ ។
លោកបន្តថា កិច្ចសហប្រតិបត្តិការយោធារវាងសហដ្ឋអាមេរិក និងហ្វីលីពីន នឹងមិនធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសិទ្ធិសមុទ្ររបស់ចិននោះឡើយ ក៏ដូចជាអត្ថប្រយោជន៍នៅក្នុងសមុទ្រចិនខាងត្បូង ។
គួរឲ្យដឹងថា សមយុទ្ធយោធាប្រចាំឆ្នាំរវាងកងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងហ្វីលីពីន បានពង្រីកផងដែរកាលពីពេលថ្មីៗនេះ រួមទាំងការល្បាតរួមគ្នាលើដែនអាកាស និងក្នុងដែនសមុទ្រនៅពីលើសមុទ្រចិនខាងត្បូង និងនៅជិតកោះតៃវ៉ាន់ ដែលចិនបានយល់ឃើញថាជាការបង្ករឿង ។
ទំនាក់ទំនងរវាងហ្វីលីពីន និងចិនបានធ្លាក់ចុះផងដែរ ស្របពេលមានជម្លោះម្តងហើយម្តងទៀតនៅតំបន់សេដ្ឋកិច្ចពិសេសហ្វីលីពីន ក្នុងនោះទីក្រុងម៉ានីល បានចោទប្រកាន់ក្រុមល្បាតឆ្នេរចិនថាបានបង្កើតគោលនយោបាយឈ្លានពាន ៕