
ក្រសួងការបរទេស បានបង្ហាញកាលពីថ្ងៃចន្ទថា ជនជាតិអាមេរិកជិត ១.000នាក់ បានបំពេញ«បែបបទ» ស្នើសុំជំនួយ នៅក្នុងប្រទេសហៃទី ដែលជាប្រទេសមួយ ដែលបច្ចុប្បន្ន កំពុងប្រឈមនឹងស្ថានភាពមនុស្សធម៌ដ៏អាក្រក់បំផុតមួយ នៅក្នុងពិភពលោក» ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Vedant Patel បានធ្វើការអធិប្បាយរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីជនជាតិអាមេរិករាប់សិបនាក់ បានចុះចតនៅទីក្រុងម៉ៃអាមី (Miami) តាមជើងហោះហើរជម្លៀសចេញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកពីប្រទេសហៃទី ជាទីដែលមានរបាយការណ៍ថា ក្រុមជនអន្ធពាល បានសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់នៅព្រឹកនេះ នៅជាយទីក្រុងព័រអូប្រាំង(Port-au-Prince) បន្ទាប់ពីការលួចទ្រព្យសម្បត្តិនៅតាមផ្ទះ នៅក្នុងសង្កាត់ធំៗចំនួនពីរ ក្នុងរដ្ឋធានីរបស់ប្រទេសតំបន់ការ៉ា អ៊ីបនេះ។
លោក Patel បានបញ្ជាក់ថា៖«វាមិនមែនជារឿងហួសហេតុទេក្នុងការនិយាយថា នេះគឺជាស្ថានភាពមនុស្សធម៌ដ៏អាក្រក់បំផុតមួយ នៅក្នុងពិភពលោកទេ។ «អំពើហិង្សារបស់ក្រុមជនអន្ធពាល នៅតែបន្តធ្វើឲ្យស្ថានការណ៍សន្តិសុខ ក្នុងប្រទេសហៃទី មិនអាចការពារបាន ហើយវាជាតំបន់ដែលទាមទារឲ្យយើងយកចិត្តទុកដាក់ខ្លាំងបំផុត»។
លោកបានបន្ថែមថា៖«នេះគឺជាស្ថានភាពអស្ថិរភាពមួយ ហើយចំនួនបុគ្គលដែលបានទាក់ទងមកយើងតាមរយៈទម្រង់បែបបទទទួលជំនួយពេលមានវិបត្តិ កំពុងខិតជិតមួយពាន់នាក់ហើយ ដោយសំដៅលើទម្រង់បែបបទដែលបានដាក់ស្នើនៅលើគេហទំព័ររបស់ក្រសួងការបរទេស។