
គេរំពឹងថា នៅថ្ងៃពុធស្អែកនេះ របបសឹកយោធាសហភាពមីយ៉ាន់ម៉ា នឹងដាក់លក់ដេញថ្លៃគេហដ្ឋាននៅមាត់បឹងជាទីដែលអតីតមេដឹកនាំ និងជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi ចំណាយពេល ១៥ឆ្នាំ ស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ ក្រោយការបញ្ជារបស់តុលាការកំពូលឲ្យលក់ផ្ទះមួយខ្នងនេះ កាលពីខែមករា ។
បទបញ្ជារបស់តុលាការកំពូល បានកើតមានឡើង ក្រោយមានបណ្តឹងឧទ្ធរណ៍ដោយបងប្រុសទាស់ទែងគ្នារបស់លោកស្រី Suu Kyi គឺលោក Aung San Oo ។ ការលក់ដេញថ្លៃនេះ មានតម្លៃចាប់ពី ៩០លានដុល្លារឡើងទៅ ។
លោកស្រី Suu Kyi ដែលវិលត្រឡប់មកជាប់ឃុំខ្លួនវិញ ចាប់តាំងពីយោធាផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី កាលពីឆ្នាំ ២០២១នោះ បានជាប់ពាក់ព័ន្ធនឹងជម្លោះផ្លូវច្បាប់អស់រយៈពេលជាច្រើនទសវត្សរ៍ជាមួយបងប្រុសរបស់លោកស្រី ជុំវិញការធ្វើម្ចាស់កម្មសិទ្ធិអចលនទ្រព្យជាប់មាត់បឹងមួយនេះ ។
ម្ចាស់ជ័យលាភីណូបែលសន្តិភាពម្នាក់នេះ ត្រូវបានឃុំខ្លួននៅក្នុងគេហដ្ឋបែបអាណានិគមមួយខ្នងនេះ ស្ថិតនៅមាត់បឹង Inya ទីក្រុងរ៉ង់ហ្គោន រហូតដល់ឆ្នាំ ២០១២ ជាពេលដែលលោកស្រីផ្លាស់ទៅកាន់រដ្ឋធានីណៃពិដោ ដើម្បីចូលរួមសភា ក្រោយការដោះលែងរបស់លោកស្រី ។
លោកស្រី បានផ្តល់សុន្ទរកថាដ៏រំជួលចិត្តដល់ក្រុមអ្នកគាំទ្ររបស់លោកស្រីនៅច្រកទ្វារដែកគេហដ្ឋានមួយខ្នងនេះ ហើយទីនេះ ជាកន្លែងរៀបចំជំនួបជាន់ខ្ពស់របស់លោកស្រី រួមទាំងជំនួបជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama និងអតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Hillary Clinton ។
លោកស្រី Suu Kyi បន្តស្ថិតក្នុងការឃុំខ្លួន បើទោះបីជាកន្លែងឃុំខ្លួនរបស់លោកស្រី ពុំត្រូវបានដឹងក៏ដោយ ។ ក្រុមមេដឹកនាំពិភពលោក និងក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការដោះលែងលោកស្រី Suu Kyi ៕