
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានពេលធ្វើដំណើរមកដល់ថា ជំនួបរបស់ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែននៅមូលដ្ឋានទ័ពអាកាស Ramstein របស់សហរដ្ឋអាមេរិក ស្ថិតក្នុងប្រទេសអាល្លឺម៉ង់ នឹងប្រកាសកញ្ចប់ជំនួយគ្រាប់រំសេវថ្មីសម្រាប់ទីក្រុងគីវ ។
រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នឹងរៀបចំជំនួបកម្រិតខ្ពស់របស់ក្រុមរដ្ឋមន្រ្តីការពារជាតិ ដែលនឹងមានការចូលរួមពីរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក Rustem Umerov ផងដែរ ។
ទាំងលោក Austin និងលោក Pistorius ត្រូវបានគេរំពឹងថា នឹងរៀបចំសន្និសីទសារព័ត៌មាននៅពេលក្រោយក្នុងថ្ងៃអង្គារនេះ ដើម្បីនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានពីអ្វីដែលជំនួបទល់មុខគ្នាជាលើកទី ៧របស់ក្រុមរដ្ឋមន្រ្តីការពារជាតិ និងក្រុមមន្រ្តីយោធាជាន់ខ្ពស់មកពីជុំវិញពិភពលោក បានសម្រេចចិត្ត ។
លោក Pistorius និយាយថា មាននូវវឌ្ឍនភាពលើបណ្តើមគំនិតរបស់ប្រទេសឆេក ប៉ុន្តែពួកយើងអាចប្រកាសផងដែរនូវកញ្ចប់ជំនួយយោធាថ្មីនៅទីនេះ ក្នុងថ្ងៃនេះ ។
លោកបន្តថា ជួនកាលជំនួយមានទំហំតូច តែពេលខ្លួនជំនួយគឺមានទំហំធំ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺការចែកចាយគ្រាប់រំសេវនៅតែបន្តទៅកាន់អ៊ុយក្រែន ៕