
ក្រុមហ៊ុនបន្ទះអេឡិកត្រូនិកបញ្ញាសិប្បនិម្មិត (AI) គឺក្រុមហ៊ុន Nvidia បានបង្ហាញបន្ទះឈីប AI ឈានមុខគេ ដែលមានឈ្មោះថា Blackwell B200 ខណៈដែលនាយកប្រតិបត្តិលោក Jensen Huang បានចាប់ផ្តើមសន្និសីទអ្នកបង្កើតប្រចាំឆ្នាំរបស់ក្រុមហ៊ុន កាលពីថ្ងៃចន្ទ (ទី១៨ ខែមីនា)។
ការប្រកាសអំពីបន្ទះឈីប និងសូហ្វវែរថ្មីរបស់ក្រុមហ៊ុន Nvidia នៅឯព្រឹត្តិការណ៍ GTC 2024 នឹងជួយកំណត់ថា តើក្រុមហ៊ុនអាចរក្សាទីតាំងក្ដោបក្ដាប់របស់ខ្លួន ក្នុងនាមជាអ្នកលក់ដ៏លេចធ្លោ ចំពោះឧបករណ៍ដែលត្រូវការចាំបាច់ ដើម្បីជួយបំបាត់ភាពច្របូកច្របល់កាលពីឆ្នាំមុន ជុំវិញ AI ដែរ ឬទេ។ ក្រុមហ៊ុន Nvidia ក្ដោបក្ដាប់ទីផ្សារបន្ទះឈីប AI របស់មជ្ឈមណ្ឌលទិន្នន័យ ដោយដណ្ដើមបានហ៊ុនប្រហែល ៨០ភាគរយ កាលពីឆ្នាំមុន។
បន្ទះឈីបថ្មីនេះ មានត្រង់ស៊ីស្ទ័រចំនួន ២០៨ពាន់លាន ដោយមានចំនួនច្រើនជាងទ្វេដងនៃចំនួន ៨០ពាន់លាន នៅលើបន្ទះឈីបពីមុនរបស់ក្រុមហ៊ុន។ រាល់ត្រង់ស៊ីស្ទ័រទាំងនោះអាចចូលប្រើអង្គចងចាំដែលភ្ជាប់ជាមួយបន្ទះឈីបក្នុងពេលតែមួយ ដែលធ្វើឲ្យផលិតភាពកាន់តែប្រសើរឡើង។
ក្រុមហ៊ុន Nvidia បាននិយាយថា អតិថិជនសំខាន់ៗរបស់ខ្លួន ដែលរួមមាន Amazon.com, Google របស់ Alphabet, Meta Platforms, Microsoft, OpenAI, Oracle និង Tesla ត្រូវបានរំពឹងថា នឹងប្រើប្រាស់បន្ទះឈីបថ្មីនេះ៕