
នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បាននិយាយថា ប្រទេសអាមេនី អាចនឹងប្រឈមនឹងការមានសង្រ្គាមជាមួយអាស៊ែបៃហ្សង់ ប្រសិនបើខ្លួនមិនសម្របសម្រួលជាមួយទីក្រុងបាគូ ពាក់ព័ន្ធនឹងការប្រគល់ទឹកដីយុទ្ធសាស្ត្រមួយចំនួនរបស់អាស៊ែបៃហ្សង់ ដែលអាមេនីបានគ្រប់គ្រងតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មកនោះ។
លោក Pashinyan បាននិយាយអំឡុងជំនួបសួរសុខទុក្ខកាលពីថ្ងៃចន្ទ (ទី១៨ មីនា) ជាមួយប្រជាជននៅតាមព្រំដែន ក្នុងតំបន់ Tavush ភាគខាងជើងប្រទេសអាមេនី នៅក្បែរភូមិជាប់គ្នាបន្តបន្ទាប់របស់អាស៊ែបៃហ្សង់ដែលត្រូវបានបោះបង់ចោល ពោលគឺជាភូមិដែលទីក្រុង Yerevan (យ៉េរ៉េវ៉ាន់) បានគ្រប់គ្រង ចាប់តាំងពីពេលជម្លោះរយៈពេល ៣ទសវត្សរ៍ បានចាប់ផ្ដើមនៅដើមឆ្នាំ១៩៩០។
ដោយដកស្រង់សម្តីរបស់លោក Pashinyan ដែលបាននិយាយនៅក្នុងវីដេអូនៃជំនួបដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលរបស់លោក សារព័ត៌មាន TASS បានរាយការណ៍ថា៖ «ឥឡូវនេះយើងអាចចាកចេញពីទីនេះ ចូរប្រាប់ទៅ (អាស៊ែបៃហ្សង់) ថា ទេ យើងនឹងមិនធ្វើអ្វីនោះទេ។ នេះមានន័យថា នៅចុងសប្តាហ៍នេះ សង្គ្រាមនឹងចាប់ផ្តើម»។
លោក Pashinyan បានផ្តល់សញ្ញាម្តងហើយម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា លោកសុខចិត្តប្រគល់ភូមិទៅឲ្យអាស៊ែបៃហ្សង់វិញ ដែលមានសារៈសំខាន់សម្រាប់ទីក្រុង Yerevan ខណៈដែលពួកគេគ្រប់គ្រងផ្លូវសំខាន់ៗឆ្ពោះទៅភាគខាងជើងជាប់ព្រំដែនជាមួយហ្សកហ្ស៊ី៕