
ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា អ្នកការទូតចិនលោក Wang Kejian បានជួបជាមួយមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសលោក Ismail Haniyeh ក្នុងប្រទេសកាតា ដែលជាជំនួបលើកដំបូងរវាងមន្ត្រីចិន និងក្រុមហាម៉ាសដែលត្រូវបានទទួលស្គាល់ជាសាធារណៈដោយទីក្រុងប៉េកាំងចាប់តាំងពីការផ្ទុះសង្គ្រាមនៅតំបន់ហ្កាហ្សា។
កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Wang ទៅកាន់ប្រទេសអ៊ីស្រាអែល និងតំបន់វេសបែងដែលកាន់កាប់ដោយអ៊ីស្រាអែល ដោយបានឲ្យលោកក្លាយជាបេសកជនដំបូងគេ ដែលទីក្រុងប៉េកាំង បានបញ្ជូនទៅកាន់ទីតាំងណាមួយ ចាប់តាំងពីការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា និងការវាយប្រហារជាបន្ទបន្ទាប់របស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា។
លោក Wang និងលោក Haniyeh បានផ្លាស់ប្តូរទស្សនៈស្តីពីជម្លោះហ្កាហ្សា និងបញ្ហាផ្សេងទៀត ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃអាទិត្យ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារ។
នៅក្នុងកិច្ចប្រជុំនោះ លោកHaniyeh បានសង្កត់ធ្ងន់ពីតម្រូវការដើម្បីបញ្ឈប់ការឈ្លានពាន និងការសម្លាប់រង្គាលយ៉ាងឆាប់រហ័ស» និងឲ្យយោធាអ៊ីស្រាអែលដកខ្លួនចេញពីតំបន់ហ្កាហ្សា និង «សម្រេចបាននូវគោលដៅនយោបាយ និងសេចក្តីប្រាថ្នានៃការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ» នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីការិយាល័យសារព័ត៌មានរបស់រដ្ឋបាលហាម៉ាស»។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកាតា លោក Cao Xiaolin ក៏មានវត្តមាន នៅក្នុងកិច្ចប្រជុំនេះផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស បាននិយាយថា លោក Haniyeh បានសរសើរតួនាទីរបស់ចិនដែលដើរតួក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដោយនិយាយសំដៅ ការទូតថ្មីៗរបស់ទីក្រុងប៉េកាំងទាក់ទងនឹងសង្គ្រាមនេះ។