
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានប្តេជ្ញាកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងបន្តគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ទោះបីជាសភាសហរដ្ឋអាមេរិក នៅតែជាប់គាំងទៅលើការផ្តល់មូលនិធិ ដើម្បីបញ្ជូនអាវុធបន្ថែមទៅជួរមុខក៏ដោយ។
លោក Austin បាននិយាយទៅកាន់មេដឹកនាំការពារជាតិជាង ៥០រូបមកពីអឺរ៉ុប និងជុំវិញពិភពលោក ដែលកំពុងជួបប្រជុំនៅឯមូលដ្ឋានអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ថា៖«សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឲ្យអ៊ុយក្រែនបរាជ័យឡើយ»។ «សម្ព័ន្ធភាពនេះ នឹងមិនអនុញ្ញាតឲ្យអ៊ុយក្រែនបរាជ័យឡើយ ហើយពិភពសេរី នឹងមិនទុកឲ្យអ៊ុយក្រែនបរាជ័យនោះទេ»។
កិច្ចប្រជុំនេះ កើតឡើងមួយសប្តាហ៍បន្ទាប់ពីមន្ត្រីការពារជាតិអាមេរិក អាចស្វែងរក និងប្រើប្រាស់ប្រាក់សន្សំក្នុងកិច្ចសន្យាចំនួន ៣០០លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់កញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយ ក្រែន ដោយដកអាវុធចេញពីឃ្លាំងស្តុករបស់មន្ទីរបញ្ចកោណ។
នេះគឺជាអាវុធលើកដំបូង ដែលគេបញ្ជូនតាំងពីខែធ្នូមក បើទោះបីជាស្ថានភាពសមរភូមិ ក្នុងប្រទេសអ៊ុយក្រែនកាន់តែអាក្រក់ឡើងៗក៏ដោយ។