ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ប្រមុខការទូតកម្ពុជា ថ្លែងថា រយះពេល៨ឆ្នាំនៃយន្តការមេគង្គ-ឡានឆាងបានកំពុងក្លាយជាគំរូលើកិច្ចសហប្រតិបត្តិការនយោបាយឈ្នះ ឈ្នះសម្រាប់ប្រទេសតាមទន្លេមគង្គ។ នេះបើតាមសារលិខិតរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
យោងតាមសារលិខិតនេះ បានឱ្យដឹងថា ការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដំបូង នៅឆ្នាំ២០១៦ បានឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នារួមរបស់ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកមេគង្គ-ឡានឆាងទាំងប្រាំមួយ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងថា រយៈពេលប្រាំបីឆ្នាំកន្លងមកនេះ យន្តការមេគង្គ-ឡានឆាង បាននឹងកំពុងឆ្ពោះទៅមុខ ហើយក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដ៏មានប្រសិទ្ធភាព ផ្តល់នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបង្កើនកិច្ចសហការគ្នា ដោយសារយន្តការនេះបានជំរុញកំណើនថ្មីសម្រាប់រយៈពេលវែង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់តំបន់ ជាពិសេសតាមរយៈការអនុវត្តប្រកបដោយជោគជ័យនៃផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) ដែលបានផ្តល់លទ្ធផលជាផ្លែផ្កាសម្រាប់សុខុមាលភាពរបស់ប្រជាជនតាមបណ្តោយទន្លេមេគង្គ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងទៀតថា ទោះបីជាមានការប្រែប្រួលនៃសភាពការណ៍ពិភពលោកមិនប្រាកដប្រជា អស្ថិរភាព និងភាពស្មុគស្មាញយ៉ាងណាក្តី ក៏ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបន្តរក្សាភាពរីកចម្រើននៅលើគន្លងការអភិវឌ្ឍជាក់ស្តែង។ ក្នុងនោះ អំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ កាលពីឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលកម្ពុជាបានអនុម័ត “សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ” ក្នុងការឯកភាពគ្នាជំរុញខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដោយប្រមុខដឹកនាំទាំងអស់បានគូសបញ្ជាក់ពីតម្រូវការនៅក្នុងការចាប់យកឱកាសក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឧស្សាហកម្ម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា បណ្តាថ្នាក់ដឹកនាំនៃប្រទេសតាមបណ្តោយទន្លេមេគង្គ ក៏បានឯកភាពសហការគ្នាក្នុងវិស័យថាមពលថ្មីៗ ដូចជារថយន្តអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ ហើយថែមទាំងសំឡឹងមើលវេទិកាព័ត៌មានមេគង្គ-ឡានឆាងគ្រប់ជ្រុងជ្រោយសម្រាប់សេដ្ឋកិច្ច កសិកម្ម វិនិយោគ និងបច្ចេកវិទ្យា។
លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ដែរថា មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅតែជាឧបករណ៍ហិរញ្ញប្បទានដ៏សំខាន់សម្រាប់ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការថ្មី លើវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការដឹកជញ្ជូនផ្លូវអាកាស សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្ដល់ការគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការជំរុញក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
សូមជម្រាបថា តាមរយៈសារលិខិតនេះ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តបម្រើជាមធ្យោបាយវិជ្ជមានជាមួយនឹងយន្តការអនុតំបន់មេគង្គដទៃទៀត ក្នុងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកជាមួយ “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” ក៏ដូចជា “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)” “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI)” “គំនិតផ្តួចផ្តើមផ្នែកសន្តិសុខសកល (GSI)” “គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI)” និង ”គំនិតផ្តួចផ្តើមអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” របស់ចិន។ យន្តការទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់បន្ថែមទៀតនូវកំណើនប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ហើយជំរុញឆ្ពោះទៅមុខនូវសមាហរណកម្មអនុតំបន់ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕ ដោយ ៖ ឧត្ដម


