
ក្រុមអ្នកជំនាញច្បាប់ធម្មនុញ្ញមកពីក្រុមប្រឹក្សាអឺរ៉ុប ដែលជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស នៅថ្ងៃអង្គារ (ទី១៩ ខែមីនា) នេះ បាននិយាយថា ច្បាប់អធិបតេយ្យភាពថ្មីរបស់ហុងគ្រីអាចមាន «ឥទ្ធិពលដ៏គួរឲ្យបារម្ភ» លើការជជែកដេញដោលដោយសេរី និងប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះ។
គួរបញ្ជាក់ថា សភានៃប្រទេសហុងគ្រីបានអនុម័តច្បាប់មួយ កាលពីខែធ្នូ ដែលគណបក្សស្តាំនិយម គឺគណបក្ស Fidesz ដែលកំពុងកាន់អំណាច បាននិយាយថា នឹងការពារដល់ការជ្រៀតជ្រែកដោយមិនសមហេតុផលក្នុងនយោបាយជាតិ ពីសំណាក់ជនបរទេស ឬក្រុមក្រៅប្រទេស។
ច្បាប់ថ្មីនេះបានបង្កើតអាជ្ញាធរមួយ គឺការិយាល័យការពារអធិបតេយ្យភាព ដើម្បីស្រាវជ្រាវ និងតាមដានហានិភ័យនៃការជ្រៀតជ្រែកផ្នែកនយោបាយ។ ច្បាប់នេះដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ចំពោះគណបក្ស ឬក្រុមដែលស្វែងរកការទទួលបានមូលនិធិពីជនបរទេស ខណៈដែលពួកគេឈរឈ្មោះបោះឆ្នោត។
ក្រុមប្រឹក្សាអឺរ៉ុប ដែលគេស្គាល់ថា ជាគណៈកម្មាការទីក្រុង Venice បាននិយាយថា ការិយាល័យការពារអធិបតេយ្យភាពមិនអាចចាត់ទុកថា ឯករាជ្យបានទេ ហើយនេះអាចនាំឲ្យមានការអនុវត្តច្បាប់ដោយចេតនា និងហេតុផលនយោបាយ។
ក្រុមប្រឹក្សានេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ហេតុដូច្នេះ វាមានហានិភ័យខ្ពស់ដែលការបង្កើត និងសកម្មភាពរបស់ការិយាល័យ នឹងមានឥទ្ធិពលដ៏គួរឲ្យបារម្ភ ចំពោះការជជែកដេញដោលដោយសេរី និងប្រជាធិបតេយ្យនៅក្នុងប្រទេសហុងគ្រី»៕