
ក្រុមប្រឹក្សានីតិប្បញ្ញត្តិរបស់ទីក្រុងហុងកុង នៅថ្ងៃអង្គារ (ទី១៩ ខែមីនា) នេះ បានអនុម័តជាឯកច្ឆន្ទលើសេចក្ដីស្នើច្បាប់សន្តិសុខជាតិថ្មី ក្នុងរង្វង់រយៈពេល ២សប្តាហ៏បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះត្រូវបានដាក់ឲ្យពិភាក្សា ជាការប្រញាប់ប្រញាល់ដាក់ចេញនូវផ្នែកដ៏សំខាន់នៃច្បាប់ ដែលអ្នករិះគន់និយាយថា ផ្ដល់ការគំរាមកំហែងបន្ថែមទៀតដល់សេរីភាពរបស់ទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិននេះ។
កញ្ចបនៃច្បាប់ដែលត្រូវបានគេស្គាល់ថា ជាមាត្រា២៣ ធ្វើបច្ចុប្បន្នភាព ឬបង្កើតច្បាប់ និងទណ្ឌកម្មថ្មី ដើម្បីហាមឃាត់ការក្បត់ជាតិ វិច្ឆេទកម្ម ការបះបោរ ការលួចពត៌មានសម្ងាត់រដ្ឋ និងចារកម្ម ដោយមានការជាប់ពន្ធនាគាររហូតដល់មួយជីវិត។
ក្រុមប្រឹក្សាដែលមានអាសនៈចំនួន៩០ ដែលពេញទៅដោយក្រុមអ្នកស្មោះត្រង់គាំទ្រទីក្រុងប៉េកាំង ត្រូវបានបង្ហាញជាលើកដំបូងជាមួយនឹងសេចក្ដីស្នើច្បាប់ នៅថ្ងៃទី៨ ខែមីនា បន្ទាប់ពីមានការពិគ្រោះយោបល់ជាសាធារណៈរយៈពេល ១ខែ ដោយមេដឹកនាំក្រុងហុងកុងលោក John Lee បានអំពាវនាវឲ្យច្បាប់នេះទទួលបានការអនុម័តឲ្យ «បានលឿនតាមដែលអាច»។
សមាជិកសភាទាំង៨៨រូប និងប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិ បានបោះឆ្នោតជាឯកច្ឆន្ទ ដើម្បីអនុម័តច្បាប់នេះ ដែលនឹងចូលជាធរមាន នៅថ្ងៃទី២៣ ខែមីនា៕