
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា អាងស្តុកទឹកសំខាន់ៗរបស់ប្រទេសឥណ្ឌាបានធា្លក់ដល់កម្រិតទាបបំផុតនៅខែមីនា ក្នុងរយៈពេល ៥ឆ្នាំ ដោយបង្ហាញពីការត្បិតត្បៀតដែលអាចកើតមាន ចំពោះការបរិភោគទឹក និងលទ្ធភាពប្រើប្រាស់ថាមពលអគ្គិសនី នៅរដូវក្តៅនេះ។
នៅក្នុងមជ្ឈមណ្ឌលសំខាន់ៗ ដូចជានៅទីក្រុង Bengaluru របស់ប្រទេសឥណ្ឌា ដែលជាទីតាំងរបស់ក្រុមហ៊ុនជាច្រើនដូចជា Google ជាដើមនោះ ការផ្គត់ផ្គង់ទឹកកំពុងត្រូវបានកាត់បន្ថយរួចហើយ។
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា អាងស្តុកទឹកចំនួន ១៥០ ដែលត្រូវបានត្រួតពិនិត្យដោយរដ្ឋាភិបាលសហព័ន្ធ ពោលគឺជាអាងផ្គត់ផ្គង់ទឹកសម្រាប់បរិភោគ និងប្រព័ន្ធធារាសាស្រ្ត ព្រមទាំងជាប្រភពថាមពលវារីអគ្គិសនីដ៏សំខាន់របស់ប្រទេសនោះ ត្រូវបានបំពេញត្រឹមតែ ៤០ភាគរយនៃសមត្ថភាពស្តុកទុកកាលពីសប្តាហ៍មុន។
នៅរដ្ឋ Karnataka ភាគខាងត្បូង អាងស្តុកទឹកសំខាន់បានធ្លាក់ចុះដល់ទៅ ១៦ភាគរយ។ ការស្តុកទឹកបម្រុងទុក គឺទាបបំផុតសម្រាប់ខែមីនា គិតចាប់តាំងពីឆ្នាំ២០១៩ នៅពេលដែលសមត្ថភាពអាងស្តុកទឹកបានធ្លាក់ចុះដល់ ៣៥ភាគរយ ហើយឃើញថា ទីក្រុងភាគខាងត្បូង ដូចជា Chennai ជាដើម ចាប់ផ្ដើមអស់ទឹក។
ស្ថានការណ៍នេះអាចធ្វើឲ្យមានវិបត្តិកាន់តែខ្លាងឡើងនៅក្នុងទីក្រុងកណ្តាល និងភាគខាងត្បូង ដែលប្រឈមនឹងរលកម្ដៅក្ដៅខ្លាំងបំផុត ក្នុងខែមេសា និងឧសភា។ ធនធានទឹករបស់ប្រទេសឥណ្ឌាត្រូវបានបំពេញបន្ថែម នៅត្រឹមខែមិថុនាប៉ុណ្ណោះ ដោយភ្លៀងមុនរដូវមូសុង និងភ្លៀងរដូវមូសុង៕