
អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al-Ansari នៅថ្ងៃអង្គារ (ទី១៩ មីនា)នេះ បាននិយាយថា ប្រតិបត្តិការរបស់អ៊ីស្រាអែល នៅក្នុងទីក្រុង Rafah (រ៉ហ្វា) ភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប នឹងបណ្តាលមានការបំផ្លិចបំផ្លាញ និង «អំពើឃោរឃៅ» ដែលគេមិនធ្លាប់បានឃើញនៅក្នុងជម្លោះ។
ហើយជាមួយគ្នានេះ នៅឯសន្និសីទសារព័ត៌មាន នាទីក្រុងដូហា លោក Al-Ansari បានបន្ថែមថា កាតាបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែង ចំពោះកិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស កាលពីថ្ងៃចន្ទ (ទី១៨ ខែមីនា) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ចាប់តាំងពីជម្លោះចុងក្រោយបំផុត បានផ្ទុះឡើងនៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានឡើងដល់ ៣១.៧២៦នាក់ ហើយ ៧៣.៧៩២នាក់ផ្សេងទៀតបានរងរបួស៕