អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ ១៩ មីនា ថាការរឹតបន្តឹងយ៉ាងខ្លាំងរបស់អ៊ីស្រាអែលលើការផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាម បូករួមទាំងការវាយលុកដោយយោធារបស់ខ្លួន អាចស្មើនឹងការប្រើប្រាស់ភាពអត់ឃ្លានជា អាវុធសង្គ្រាម ដែលនឹងក្លាយជាឧក្រិដ្ឋកម្មសង្គ្រាម ។

ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកវ៉ូលឃើ ទើក(Volker Turk) បានស្ដីបន្ទោសកត្តានាំឲ្យមានភាពអត់ឃ្លានដ៏ធ្ងន់ធ្ងរ និងកំពុងកើតមានគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍ រិះគន់ដោយអ៊ីស្រាអែល លោក Turk បាននិយាយថា ស្ថានភាពនៃភាពអត់ឃ្លានដោយគ្មានអាហារ និងទុរ្ភិក្ស បានកើតចេញពីការរឹតបន្តឹងយ៉ាងខ្លាំងហួសហេតុរបស់អ៊ីស្រាអែលលើការបើកផ្លូវចូល និងចែកចាយជំនួយមនុស្សធម៌ ព្រមទាំងទំនិញពាណិជ្ជកម្មជាដើម។

លោកបាននិយាយថា មូលហេតុនាំឲ្យមានគ្រោះមហន្តរាយនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការភៀសខ្លួនចេញពីលំនៅឋានរបស់ប្រជាជនភាគច្រើន ក៏ដូចជាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ។
វិសាលភាពនៃការរឹតបន្តឹងដែលនៅតែបន្តរបស់អ៊ីស្រាអែលលើការចូលផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សា រួមទាំងវិធីដែលខ្លួនបន្តធ្វើជាអរិភាព អាចស្មើនឹងការប្រើប្រាស់ភាពអត់ឃ្លានជាវិធីសាស្រ្តនៃសង្រ្គាម ដែលជាឧក្រិដ្ឋកម្មសង្គ្រាម។

អ្នកនាំពាក្យរបស់លោក គឺលោក ជើរ៉េមី ឡរិន (Jeremy Laurence) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា ការប្តេជ្ញាចិត្តចុងក្រោយថាតើ ភាពអត់ឃ្លានត្រូវបានប្រើប្រាស់ជាអាវុធនៃសង្គ្រាម នឹងត្រូវបានកំណត់ដោយតុលាការដែរឬទេ៕