កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ។ ឯកឧត្តមបានបញ្ជាក់ថា កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ បានកំពុងដំណើរការសាងសង់ទៅតាមផែនការ និងពេលវេលាកំណត់ បើគិតមកទល់ពេលនេះ គម្រោងទាំងមូលសម្រេចបានការសាងសង់ប្រមាណ ៩០%ហើយ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា សមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តរបស់ខេត្តកែបមួយនេះ នឹង ជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥” ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ក្រោមយន្តការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចុះនូវគោលការណ៍ ក៏ដូចជាការចង្អុលបង្ហាញ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភណ្ឌភាព បង្កើតឱ្យមានកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍ កែលម្អបន្ថែមនូវតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរ ចូលមកទស្សនាកម្សាន្ត។

គួរបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែនៅលើកោះទន្សាយនេះ ជាគម្រោងដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមរយៈគម្រោងនេះ នឹងធ្វើឲ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយសម្រាប់សំរាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់៕ អត្ថបទ៖ គង់ រ៉េន




