ស៊ីហ្គេម៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ២ប្រភេទកីឡារួមទាំងកីឡាហែលទឹក និងកីឡាអត្តពលកម្ម នឹងចេញដំណើរទៅចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ នៅប្រទេសជប៉ុននៅថ្ងៃទី២០ ខែកក្កដាដើមសប្ដាហ៍ក្រោយ ក្រោមការដឹកនាំរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម។
លោក ញាណ សុខវិសាល នាយរងបេសកកម្មបានឲ្យដឹងថា ប្រតិភូកម្ពុជាដែលត្រូវបំពេញបេសកកម្មខាងលើនឹងដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្ម អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី និងរូបលោក។ រីឯកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាមាន ៣រូបរួមមានកីឡាហែលទឹក ២រូបគឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។ នាយរងបេសកកម្មដដែលបញ្ជាក់ថា ប្រតិភូ និងអត្តពលិកកម្ពុជាត្រូវចេញដំណើរទៅប្រទេសជប៉ុននាថ្ងៃទី២០ ខែកក្កដាខាងមុខ ដើម្បីត្រៀមចូលរួមពិធីបើកការប្រកួតផ្លូវការព្រឹត្តិការណ៍ Tokyo Olympic Game 2020 នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
ប៉ុន្តែកម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជាត្រូវរង់ចាំដល់ថ្ងៃទី០១ ខែសីហាដូចគ្នា ហើយក្រោយចប់ការប្រកួតប្រតិភូ និងអត្តពលិកកម្ពុជាគ្រោងត្រឡប់មកមាតុភូមិវិញភ្លាមៗ ដោយមិនរង់ចាំនៅពិធីបិទការប្រកួតឡើយ ព្រោះកត្ដាសុវត្ថិភាព និងពិបាកស្វែងរកជើងហោះហើរត្រឡប់មកវិញ។ គួរដឹងថា កម្ពុជាបានទទួលសិទ្ធអនុគ្រោះក្នុងការបញ្ជូនអត្តពលិក ២ប្រភេទកីឡាគឺកីឡាហែលទឹក និងកីឡាអត្តពលកម្ម ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបានលើកពេលពីឆ្នាំមុនមករៀបចំឆ្នាំនេះចាប់ពីថ្ងៃទី២៣ ខែកក្កដារហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា