នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីពិនិត្យ និងស្វែងយល់អំពីប្រសិទ្ធិភាពការងារ នៃការអនុវត្តច្បាប់ ដែលពាក់ព័ន្ធជាមួយវិស័យគណកម្មការទទួលបន្ទុក នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។

តាមសេចក្តីរាយការណ៍របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានបង្ហាញថា សម្រាប់វិស័យសុខាភិបាល ខេត្តកំពង់ចាមមានមន្ទីរពេទ្យខេត្ត ចំនួន១កន្លែង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ចំនួន៩កន្លែង មន្ទីរពេទ្យបង្អែកស្រុក ចំនួន៨កន្លែង មណ្ឌលសុខភាព មានចំនួន ៩៤កន្លែង ប៉ុស្តិ៍សុខភាព ចំនួន៤កន្លែង និងមានបុគ្គលិកសុខាភិបាល ចំនួន ១.៥៤៥នាក់ និងវេជ្ជបណ្ឌិតជំនាញ១៨៣នាក់ សម្រាប់ព្យាបាលជំងឺទូទៅ និងតាមជំនាញរៀងៗខ្លួន ព្រមទាំងមានគ្លីនិកឯកជន សម្រាប់ព្យាបាលជំងឺផ្សេងៗ និងឱសថស្ថានជាច្រើនទៀត ដែលបានចុះបញ្ជីតាមផ្លូវច្បាប់រួចរាល់អស់ហើយ ។ មន្ទីរសុខាភិបាលខេត្ត បានបង្ហាញនូវវិធីសាស្ត្រ យុទ្ធនាការជាច្រើន ដើម្បីផ្សព្វផ្សាយពីបញ្ហាជំងឺមិនឆ្លងដល់ប្រជាពលរដ្ឋផងដែរ ។ មន្ទីរនៅជួបការលំបាកមួយចំនួន ដូចជាខ្វះធនធានមនុស្ស ខ្វះអគារសម្រាក និងព្យាបាល ប៉ុន្តែគ្រប់អង្គភាពចំណុះវិស័យសុខាភិបាលជុំវិញខេត្ត បាននឹងកំពុងខិតខំផ្តល់សេវាឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

ចំពោះវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរមានមន្ត្រីក្របខណ្ឌចំនួន៣៩នាក់ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន៣នាក់ ព្រមទាំងបានខិតខំអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបើកប្រាក់ឱ្យគ្រួសារសរុបចំនួន ៤៨.៣៥៨ គ្រួសារ និងបានឧបត្ថម្ភសាច់ប្រាក់ជូនដល់អ្នកទទួលផលពីស្ត្រីមានផ្ទៃពោះ និងកុមារក្រោម២ឆ្នាំ ចំនួន ២៨៦នាក់ និងបានឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យក្នុងកំឡុងពេលអតិផរណាលើកទី៣(បញ្ចប់ការបើកផ្តល់) ចំនួន១៤ ៧៤៥នាក់ ព្រមទាំងបានឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលងាយរងផលប៉ះពាល់ធ្ងន់ដោយសារទឹកជំនន់ ចំនួន ៨.១៨០នាក់ និងមានការចុះធ្វើអធិការកិច្ច ក្នុងការថែទាំកុមារកំព្រានៅតាមមណ្ឌលសហគមន៍ និងមណ្ឌលកុមារកំព្រាខេត្ត ។

វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងខេត្ត មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៥១៤កន្លែង មានកម្មករ និយោជិតសរុប ៤០.៩៨១ នាក់ និងមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងសរុបចំនួន ២១ រោងចក្រ មានកម្មករចំនួន២៥.៣៦០នាក់ សហគ្រាសចុះបញ្ជីការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចំនួន ២០៧សហគ្រាស ។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ដោយមិនមានការបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ ។

ចំពោះសាខាបេឡាជាតិសន្តិសុខសង្គម ( ប.ស.ស ) ខេត្តកំពង់ចាម មានមន្ត្រី ចំនួន០៣នាក់ និងបុគ្គលិកកិច្ចសន្យាសរុបចំនួន ៣០នាក់ ដែលបម្រើសេវានៅខេត្ត និងស្រុកជើងព្រៃ ។ មន្ទីរប.ស.សខេត្ត បានធ្វើការចុះបញ្ជីតាមរោងចក្រសហគ្រាស ជូនកម្មករនិយោជិក និងបងប្អូនប្រជាពលរដ្ឋក្រៅប្រព័ន្ធឱ្យបានចំនួនច្រើន ដែលក្នុងនោះមានមន្ត្រីរាជការជាច្រើនបាននាំកូនមកចុះឈ្មោះចូលក្នុងប.ស.សផងដែរ ។ ជាមួយគ្នានេះមន្ទីរប.ស.សខេត្ត មានបញ្ហាប្រឈម ដោយប្រជាពលរដ្ឋនៅឆ្ងាយ ពិបាកធ្វើដំណើរមក និងការចុះបញ្ជីប័ណ្ណប.ស.ស និងខុសបច្ចេកទេស ដោយប្រជាពលរដ្ឋ មិនបានជួយផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ និងធ្វើឱ្យមានការយឺតយ៉ាវផងដែរ ។

វិស័យកិច្ចការនារី បានបំពេញការងារយ៉ាងសកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈវេទិការផ្សព្វផ្សាយនានានៅតាមសហគមន៍ និងសិក្ខាសាលាបំប៉នសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ ភូមិ-ឃុំផងដែរ។ ទន្ទឹមនិងនោះ មន្ទីរបានធ្វើការលើកកម្ពស់ការអប់រំស្ត្រី និងក្មេងស្រីឱ្យចេះថែទាំសុខភាពមាតាមុន និងក្រោយសម្រាល យល់ដឹងពីជំងឺមហារីកស្បូន មហារីកសុដន់ យល់ដឹងពីអំពើហឹង្សាក្នុងគ្រួសារ និងមានការការពារតាមផ្លូវច្បាប់សម្រាប់ស្ត្រី និងក្មេងស្រី ។

បន្ទាប់ពីបានស្តាប់របាយការណ៍ខេត្ត និងមន្ទីរពាក់ព័ន្ធទាំង៤រួចមក លោកជំទាវ ឡោក ខេង ប្រធានប្រតិភូ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តទាំងមូល និងបានអំពាវនាវ សូមឱ្យរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ និងផ្សព្វផ្យាយឱ្យបានទូលំទូលាយ អំពីផលប៉ះពាល់ និងហានិភ័យនៃជំងឺមិនឆ្លង ដើម្បីប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ អំពីវិធីសាស្រ្តការពារ និងទប់ស្កាត់ ជំងឺមិនឆ្លង នៅក្នុងខេត្តកំពង់ចាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជា នឹងឈានទៅសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស និងទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ តាមការកំណត់ ៕
