ប្រធានគោលនយោបាយការបរទេស របស់ប្លុក EU លោក ចូសេប បូរ៉ែល (Josep Borrell) បានស្នើកាលពីថ្ងៃអង្គារ (១៩ មីនា) ថា សហភាពអឺរ៉ុប គួរតែយក ៩០ ភាគរយនៃប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបង្កកនៅអឺរ៉ុប ហើយផ្ទេរថវិកាទាំងនោះទៅមូលនិធិ ដែលគ្រប់គ្រងដោយសហភាពអឺរ៉ុប ដែលផ្តល់ហិរញ្ញប្បទានអាវុធសម្រាប់អ៊ុយក្រែន។

លោក បូរ៉ែល បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា លោកនឹងដាក់សំណើជាផ្លូវការមួយទៅកាន់រដ្ឋាភិបាលសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុបនៅថ្ងៃពុធនេះ មុនពេលកិច្ចប្រជុំកំពូលនៃមេដឹកនាំប្លុកនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ លោកបានស្នើថាចំនួន ១០ ភាគរយនៃប្រាក់ចំណូលរឹបអូសដែលនៅសេសសល់ ត្រូវដាក់ចូលទៅក្នុងថវិកាកណ្តាលរបស់សហភាពអឺរ៉ុប ដើម្បីបង្កើនសមត្ថភាពការពារនៃឧស្សាហកម្មអ៊ុយក្រែន។

ប្រហែល ៧០ ភាគរយនៃទ្រព្យសកម្មរុស្ស៊ីទាំងអស់ដែលជាប់គាំងនៅលោកខាងលិច គឺត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមូលបត្រកណ្តាលរបស់ប្រទេសបែលហ្ស៊ិក យ៉ូរ៉ូឃ្លៀ (Euroclear) ដែលមានតម្លៃស្មើនឹង ១៩០ ពាន់លានអឺរ៉ូ (២០៦,១ ពាន់លានដុល្លារ) នៃមូលបត្រ និងសាច់ប្រាក់របស់ធនាគារកណ្តាលរុស្ស៊ីជាច្រើន។
មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូបបាននិយាយកាលពីសប្តាហ៍មុនថាទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្នុងសហភាពអឺរ៉ុប ទំនងជាអាចរកបានពី ១៥ ពាន់លានទៅ ២០ ពាន់លានអឺរ៉ូ នៅក្នុងប្រាក់ចំណេញក្រោយការបង់ពន្ធរហូតដល់ឆ្នាំ២០២៧ អាស្រ័យលើអត្រាការប្រាក់សកល៕