គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ អញ្ជើញចុះសិក្សាស្វែងយល់ពីការបណ្តុះបណ្តាលនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ស្ថិតនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការអភិវឌ្ឍធនធានមនុស្សលើផ្នែកបច្ចេកទេសប្រកបដោយគុណភាព និងជំនាញដែលអាចឆ្លើយតបទៅនិងសំនូមពរ និងតម្រូវការទីផ្សាការងារ និងគោលនយោបាយពិពិកម្មសេដ្ឋកិច្ចត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំងជាក់ស្តែងរាជរដ្ឋាភិបាល បានបង្វែថវិកាដែលមិនបានប្រើប្រាស់នៅលើការធ្វើសង្រ្គាមទៅកសាងសាលារៀន គ្រឹះស្ថានអប់រំទាំងកម្រិតទូទៅ និងកម្រិតឧត្តមបានជាច្រើនពាន់ខ្នង និងបានខិតខំបង្កើនការចំណាយទៅលើការអភិវឌ្ឍ កម្មវិធីសិក្សា គរុកោសល្យ បង្រៀន និងសម្ភារបង្រៀនជាបន្តបន្ទាប់។

ដោយឡែកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ហើយមានគ្រូបច្ចេកទេសចំនួន ៤១នាក់ក្នុងនោញស្រី១៧នាក់និងមានសិស្សសរុប ២៧១នាក់ក្នុងនោះស្រី ៥១នាក់ ដោយបណ្តុះបណ្តាលលើវិជ្ជាជីវជំនាញលើជំនាញអគ្គិសនី ព័ត៌មាន វិទ្យា សំណង់ស៊ីវិល កែសម្ផស្ស សំអាងការ កែច្នៃបន្លែ និងផ្លែឈើ កាត់ដេសម្លៀកបំពាក់ ជួសជុល ម៉ូតូ រថយន្ត ។ល។ ថ្មីៗនេះវិទ្យាស្ថានបានទទួលសិស្សក្រីក្រចំនួន ១០៥នាក់ និងមានផ្តល់កន្លែងស្នាក់នៅ និងឧបត្ថម្ភថវិកាផងដែរ។ ទន្ទឹមនឹងការបណ្តុះបណ្តាលមានភាពល្អប្រសើរវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមមានបញ្ហាប្រឈម ខ្វះគ្រូបច្ចេកទេស និងសម្ភារសម្រាប់បង្រៀន។

លោកជំទាវ ឡោក ខេង ប្រធានប្រតិភូ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់់ជូនលោក ហាវ ធិននាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពងចាមរួមទាំងលោកគ្រូ អ្នកគ្រូ បានចូលរួមកសាងអភិវឌ្ឍ វិស័យធនធានមនុស្សដើម្បីរួមចំណែកកសាងវិស័យទាំងនេះឱ្យមានការរីកចម្រើនឡើង ស្របតាមយុទ្ធសាស្ត្របញ្ជកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាការរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។ បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា បានឣញ្ជើញធ្វើទស្សនកិច្ចកន្លែងបណ្តុះបណ្តាលលើជំនាញផ្សេងៗផងដែរ៕



