អាល្លឺម៉ង់៖ មនុស្សយ៉ាងហោចណាស់ ៧០នាក់បានស្លាប់នៅប្រទេសអាល្លឺម៉ង់ និងបែលហ្ស៊ិក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កឲ្យទឹកទន្លេនានាហក់ឡើងខ្ពស់ប្រៀបច្រាំង។

ភាគច្រើននៃជនរងគ្រោះនៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែយ៉ាងហោចណាស់ ១១នាក់បានស្លាប់នៅក្នុងប្រទេសបែលហ្ស៊ិក ដោយមានរបាយការណ៍ថានៅមានមនុស្សជាច្រើននាក់ទៀតបានបាត់ខ្លួន។ រដ្ឋរបស់ប្រទេសអាល្លឺម៉ង់ដូចជារដ្ឋ Rhineland-Palatinate និង រដ្ឋ North Rhine-Westphalia រងការប៉ះពាល់ខ្លាំងជាងគេ ប៉ុន្តែប្រទេសហូឡង់ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។

ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍នៅទូទាំងតំបន់នៅថ្ងៃសុក្រនេះ ខណៈដែលមន្ត្រីមូលដ្ឋានបានដាក់ការស្តីបន្ទោសលើការបម្រែបម្រួលអាកាសធាតុ។ សមាជិកប្រមាណ ១៥.០០០នាក់មកពីអង្គភាពផ្ដល់សេវាសង្គ្រោះបន្ទាន់អាល្លឺម៉ង់ នគរបាល និងកងទ័ពបានប្រចាំការនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេ៕
អត្ថបទ៖ សុខមាន