រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានសន្យាកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងមិនឱ្យអ៊ុយក្រែន បរាជ័យក្នុងការប្រយុទ្ធជាមួយរុស្ស៊ីឡើយ ទោះបីជាជំនួយបន្ថែមទៀតនៅតែជាប់គាំងនៅក្នុងសភា ហើយកងកម្លាំងរបស់ទីក្រុងគីវ ប្រឈមមុខទៅនឹងការខ្វះអាវុធក៏ដោយ។

សភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ បានរារាំងជំនួយចំនួន ៦០ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ហើយសហរដ្ឋអាមេរិក បានព្រមានថាកញ្ចប់ថវិកា ៣០០លានដុល្លារ កាលពីពេលថ្មីៗនេះ នឹងមានរយៈពេលត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះ។
លោក Austin បាននិយាយនៅក្នុងពិធីបើកកិច្ចប្រជុំមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ស្តីអំពីអ្នកគាំទ្រអន្តរជាតិសម្រាប់អ៊ុយក្រែនថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនបរាជ័យឡើយ ដែលលោកកំពុងស្វែងរកដើម្បីទទួលបានជំនួយបន្ថែមទៀតសម្រាប់ទីក្រុងគីវ។

លោក បាននិយាយថា យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវធនធាន ដែលប្រទេសនេះត្រូវការដើម្បីទប់ទល់ការឈ្លានពានរបស់វិមានក្រឹមឡាំង។ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសផ្តល់ជំនួយចំនួន ៣០០លានដុល្លារអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍មុន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាមានសារៈសំខាន់ខ្លាំងសម្រាប់ពួកយើង ដែលសភានឹងបញ្ចប់នីតិវិធីចាំបាច់ទាំងអស់ក្នុងពេលឆាប់ៗនេះ ហើយធ្វើការសម្រេចចិត្តចុងក្រោយលើជំនួយសម្រាប់ទីក្រុងគីវ។
មន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកម្នាក់ បានប្រាប់អ្នកសារព័ត៌មាន ដែលធ្វើដំណើរទៅកាន់កិច្ចប្រជុំស្តីពីអ៊ុយក្រែនថា កងទ័ពរបស់ទីក្រុងគីវ ត្រូវយកចិត្តទុកដាក់លើអត្រាផ្គត់ផ្គង់ និងរបៀបដែលពួកគេត្រូវធ្វើ ។