ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជានៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញនូវរូបថតសកម្មភាពចេញហាត់កីឡាវាយកូនហ្គោល និងសកម្មភាពមួយចំនួនទៀតដោយភាពស្វាហាប់ និងស្រស់ស្រាយនៅជុំវិញគេហដ្ឋានរបស់សម្ដេចផ្ទាល់។

សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការបស់សម្ដេចថា សម្ដេចខានត្រូវកំដៅថ្ងៃយូរណាស់មកហើយ គឺចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៣ មកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៤នេះ។
ក្នុងឱកាសនេះ សម្ដេចបានមានប្រសាសន៍ថា ថ្ងៃនេះឆ្លៀតពេលដើរជុំវិញផ្ទះដោយវាយកូនហ្គោលផង មើលដំណាំ និងដើមឈើដែលដាំជុំវិញផ្ទះផង និងអញ្ជើញពិនិត្យមើលពិព័រណ៍ នៃបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានអង្គរក្សផង និងចុងក្រោយសម្ដេចបានអញ្ជើញពិនិត្យមើលការជួសជុលតារាងវាយកូនហ្គោល (នាគរាជ្យក្លឹប) ដែលកំពុងសាងសង់ឡើងវិញផងដែរ។
សម្ដេចតេជោមានប្រសាសន៍ថា៖«ចាប់តាំងពីបានសម្រាកពីការងារជានាយករដ្ឋមន្ត្រីខ្ញុំមានពេលច្រើនដើម្បីសម្រាក និងហាត់ប្រាណដែលទម្លាក់ទម្ងន់ពី៩០គីឡូមករក្សាទុកត្រឹម ៧៥ គីឡូដែសម្រួលដល់សុខភាពខ្ញុំបានយ៉ាងច្រើន»៕


