ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារ (១៩ មីនា) ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥០ នាក់បានស្លាប់ និងរងរបួស ដោយសារតែការវាយឆ្មក់របស់អ៊ីស្រាអែល លើមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីហ្វា (Shifa) ដ៏ធំបំផុតក្នុងទីក្រុងហ្កាហ្សា។

ការិយាល័យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានបាញ់គ្រាប់កាំភ្លើង គ្រាប់ផ្លោង និងមីស៊ីលយ៉ាងខ្លាំងក្លាទៅលើអ្នកជំងឺ ជនភៀសខ្លួន និងជនស៊ីវិលក្នុងអំឡុងពេលវាយឆ្មក់របស់ពួកគេ ដែលបណ្តាលឱ្យមានរបួស និងស្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៥០ នាក់ ជាមួយនឹងសម្ភារៈមួយចំនួននៅក្នុងមន្ទីរពេទ្យត្រូវបានឆាបឆេះ។

សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីចំនួនពិតប្រាកដនៃចំនួនអ្នកស្លាប់នៅក្នុងការវាយឆ្មក់នោះទេ ដោយបន្ថែមថា ការវាយឆ្មក់នេះពាក់ព័ន្ធនឹងទាហានអ៊ីស្រាអែលរាប់រយនាក់ ដែលប្រដាប់ដោយអាវុធ សុខននគរបាល រថក្រោះរាប់សិបគ្រឿង យានដ្រូន និងឧទ្ធម្ភាគចក្រជាច្រើន។
ការិយាល័យនេះបានចាត់ទុកអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលខ្លួនហៅថា «ការសម្លាប់រង្គាល» ដោយអំពាវនាវឱ្យអង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិ «អន្តរាគមន៍ភ្លាមៗដើម្បីបញ្ឈប់ការឈ្លានពានលើតំបន់ហ្កាហ្សា ដែលផ្តោតលើជនស៊ីវិល កុមារ និងស្ត្រី»៕