មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ខួបលើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ» បានប្រព្រឹត្តិធ្វើឡើង នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពលោក ឃិន ញាណ អភិបាលរងខេត្តឧត្តរមានជ័យ និងមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធ សិស្សានុសិស្សជាច្រើនរូប នាព្រឹកថ្ងៃទី២០មិនាឆ្នាំ២០២៤នេះ។
ក្នុងទិវាវប្បធម៌ជាតិនោះដែរ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដោយមានការណែនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមអភិបាលខេត្តលើទិសដៅយុទ្ធសាស្ត្ររបន្ថែមបស់ក្រសួងនូវគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ក្រោមចក្ខុវិស័យ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិនោះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមទទួលបានលទ្ធផលល្អប្រសើរ ។
ជាក់ស្តែងក្នុងឆ្នាំ២០២៣កន្លមកនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានដំណើរការបើកវគ្គធ្វើការផ្សព្វផ្សាយ ច្បាប់ លើកិច្ចការថែរក្សា ការពារ និងគ្រប់គ្រងបេតិកភណ្ឌ វប្បធម៌រូបី និងចុះបង្ហាត់សិល្បៈនៅតាមសាលារៀន សហគមន៍ ឲ្យបានយល់ដឹងអំពីសីលធម៌សង្គម របៀបសំពះទាំង៥ ការស្លៀកពាក់តាមបែបប្រពៃណីជាដើមផងដែរ។
លោកបន្តទៀតថា ក្នុងនោះដែរមន្រ្តីជំនាញយើងបានបន្តការសិក្សាស្រាវជ្រាវ និង ប្រមែប្រមូលរាល់វត្ថុបុរាណនៅលើទួលដែលជនល្មើសបានជីកគាស់ យកមកចុះបញ្ជីរក្សាទុកនិងបានចងក្រងជាបញ្ជីសៀវភៅសលាកប័ត្រវត្ថុសិល្បៈ ជាច្រើនសម្រាម់រក្សាទុកក្នុងសារៈមន្ទីរខេត្តផងដែរ។
លោក ឃិន ញាណ អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងថា ទិវាវប្បធម៌ជាតិ៣មីនា ខួបលើកទី២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» ពិតជាសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សជាតិគ្រប់រូបក្នុងការយល់ដឹងពីវប្បធម៌ជាតិ ។ បើគ្មានការរៀន និងបង្ហាត់ បង្ហាញ ពីគ្រូជំនាញ ក្នុងនោះក៏មានការទាមទាពេលវេលា និងឧបនិស្ស័យរបស់ បុគ្គលម្នាក់ៗ និងមានដុង្គពីកំណើតទើបយើងអាចចាប់បានការរៀនសូត្រពីវិស័យវប្បធម៌ និងសិល្បៈនេះបានព្រោះថា សិល្បៈគឺជាវិស័យគន្លឹៈមួយក្នុងការអភិរក្ស និងអភិវឌ្ឍន៍ផ្នែកប្រពៃណី ទំនៀមទំលាប់ ដោយឈរលើមូលដ្ឋាន សម្បត្តិបេតិកភណ្ឌ វប្បធម៌ រូបីនិងវប្បធម៌អរូបីដ៏សម្បូបែបក្នុងសង្គមជាតិខ្មែរយើង។
លោក អភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ក្នុងទិវាដ៏មានអត្ថន័យនេះដែរគឺមានគោលបំណងផ្សព្វផ្សាយ ជម្រុញ ផ្ទេរចំណេះដឹង ចំណេះធ្វើ បច្ចេកទេស ក៏ដូចជាការជួយក្រើនរំលឹកនិងបំផុសស្មារតី មនសិកា ដល់ប្រជាពលរដ្ឋពិសេសប្អូនៗយុវជន និងយុវនារី ដែលជាទំពាំងស្នងឬស្សីឱ្យមានការតព្វកិច្ចក្នុងការចូលរួមថែរក្សាការពារវប្បធម៌ប្រពៃណីរបស់ជាតិឱ្យបានគង់វង្សនិងស្ថិតស្ថេរសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕






