អង្គការឧតុនិយមពិភពលោក (WMO) របស់ UN បាននិយាយកាលពីថ្ងៃអង្គារ (១៩ មីនា) ថា រាល់កំណត់ត្រាអាកាសធាតុពិភពលោកសំខាន់ៗត្រូវបានបំបែកកាលពីឆ្នាំមុន ហើយនៅឆ្នាំ ២០២៤ នេះ អាចកាន់តែអាក្រក់ទៅៗ ដោយប្រធានរបស់ទីភ្នាក់ងារពិភពលោកមួយនេះបានប្រកាសអាសន្នអាកាសធាតុ និងសម្តែងការព្រួយបារម្ភជាពិសេសអំពីកម្ដៅមហាសមុទ្រ និងការរលាយនៃផ្ទាំងទឹកកករបស់សមុទ្រ។

ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិនេះ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនឈ្មោះ «ស្ថានភាពនៃអាកាសធាតុពិភពលោក» ថា សីតុណ្ហភាពជាមធ្យមបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៧៤ ឆ្នាំបន្ទាប់ពីបានរក្សាកំណត់ត្រាមកយ៉ាងយូរ ដែលឈានដល់កម្រិត ១,៤៥ អង្សាសេលើសពីកម្រិតមុនឧស្សាហកម្ម។

អង្គការ WMO បាននិយាយថា សីតុណ្ហភាពនៅមហាសមុទ្រក៏បានឡើងកម្ដៅខ្លាំងបំផុតក្នុងរយៈពេល ៦៥ ឆ្នាំនៃទិន្នន័យ ជាមួយនឹងចំនួនជាង ៩០ ភាគរយនៃសមុទ្រនានា បានជួបប្រទះនឹងស្ថានភាពរលកកម្ដៅក្នុងកំឡុងឆ្នាំ២០២៣ ដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធស្បៀងអាហារពិភពលោក។ អគ្គលេខាធិការ WMO លោកស្រី ខេលេស សៅឡូ (Celeste Saulo) ដែលបានចូលកាន់តំណែងកាលពីខែមករា បាននិយាយថា «សហគមន៍ WMO កំពុងប្រកាសអាសន្នពណ៌ក្រហមដល់ពិភពលោក»។

បម្រែបម្រួលអាកាសធាតុ ដែលជំរុញដោយការដុតឥន្ធនៈហ្វូស៊ីល គួបផ្សំនឹងការលេចចេញនូវគំរូអាកាសធាតុធម្មជាតិ អ៊ែលនីញ៉ូ (El Nino) បានរុញច្រានពិភពលោកឱ្យធ្លាក់ចូលទៅក្នុងកម្ដៅខ្ពស់បំផុតក្នុងកំណត់ត្រាកាលពីឆ្នាំ២០២៣៕