កងទ័ពអាកាសរបស់អាល្លឺម៉ង់ បានបញ្ជាទិញមីស៊ីលតម្រង់គោលដៅអាមេរិកចំនួន ៧៥ដើម ក្នុងតម្លៃ៨ ពាន់លានអឺរ៉ូ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុត ក្នុងការកសាងប្រព័ន្ធការពាររបស់ទីក្រុងប៊ែរឡាំង ដើម្បីប្រឈមមុខនឹងសង្គ្រាមរុស្ស៊ី-ណាតូ ដែលអាចនឹងកើតឡើង។

តាមការប៉ាន់ប្រមាណ មីស៊ីលJASSM-ER មានរយៈចម្ងាយ៩០០គីឡូម៉ែត្រ ដែលធ្វើឲ្យវាជិតស្មើនឹងប្រព័ន្ធមីស៊ីល Taurus ដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បានបដិសេធមិនបញ្ជូនទៅកាន់អ៊ុយក្រែននោះ។
ការបញ្ជាទិញនេះ កើតឡើង បន្ទាប់ពីលោក Boris Pistorius ជារដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានប្តេជ្ញា ធានាថា ប្រទេសរបស់ខ្លួន គឺត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមតាមរយៈការបង្កើនមូលនិធិនិងធនធានដ៏សំខាន់សម្រាប់កងទ័ពអាល្លឺម៉ង់។
មានការព្រួយបារម្ភថា សង្គ្រាមរវាងរុស្ស៊ី និងអង្គការណាតូ អាចនឹងផ្ទុះ ឡើងក្នុងរយៈពេល ៥ ទៅ ៨ឆ្នាំ។
ភ្លាមៗនោះពុំទាន់ច្បាស់ថាតើទីក្រុងប៊ែរឡាំង បានបញ្ជាទិញមីស៊ីលថ្មីសម្រាប់គោលបំណងស្តុកទុក ឬដើម្បីប្រើប្រាស់វាជំនួសសម្រាប់ការដឹកជញ្ជូនមីស៊ីលទៅប្រទេសមួយផ្សេងទៀតនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ពីមុនថា លោកសូល បានពិភាក្សាជាមួយចក្រភពអង់គ្លេសលើ ការដោះដូរអាវុធគ្នា ដែលមីស៊ីល Taurus ត្រូវបានបញ្ជូនទៅចក្រភពអង់គ្លេស ហើយបន្ទាប់មកបញ្ជូនមីស៊ីល Storm Shadow ទៅកាន់អ៊ុយក្រែន។
ទោះបីជារដ្ឋាភិបាលអាល្លឺម៉ង់ បានព្យាយាមបដិសេធរបាយការណ៍ទាំងនោះក៏ដោយ ទង្វើបែបនេះ នឹងអនុញ្ញាតឲ្យប្រទេសអាល្លឺម៉ង់ផ្តល់ដោយប្រយោលនូវមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀតដល់ទីក្រុងគីវដោយមិនបំពានខ្សែបន្ទាត់ក្រហមរបស់លោកសូលលើការប្រគល់មីស៊ីលTaurusនោះទេ។