ភរិយារបស់អតីតមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny និយាយថា លោក Vladimir Putin មិនមែនជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសរុស្ស៊ីទេ ទោះបីជាលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដីក៏ដោយ។

លោកស្រី Yulia Navalnaya បានបញ្ចេញសារជាវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអង្គារ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីរយៈពេល ៣ថ្ងៃដែលបានបញ្ចប់នៅ កាលពីថ្ងៃអាទិត្យ។ លោក Putin ទទួលបានសំឡេងឆ្នោតច្រើនជាង ៨៧ ភាគរយ។
លោកស្រី Navalnaya បានអំពាវនាវឱ្យអ្នកបោះឆ្នោតរុស្ស៊ី បោះឆ្នោតឱ្យបេក្ខជនណាក៏ដោយ លើកលែងតែ លោក Putin ដើម្បីបង្ហាញការតវ៉ា។

លោកស្រី បានអរគុណ ចំពោះការបង្ហាញការតវ៉ា នៅក្នុងការបោះឆ្នោតធ្វើឡើងដោយប្រជាជនរុស្ស៊ីជាច្រើននៅទូទាំងប្រទេស និងនៅក្រៅប្រទេស។ លោកស្រី និយាយថា ពួកគេបានបង្ហាញថា លោក Putin មិនមែនជាប្រធានាធិបតីរបស់ពួកគេទេ។ លោកស្រី និងអ្នកដទៃ នឹងធ្វើឱ្យប្រាកដថា គ្មាននណាម្នាក់នៅលើពិភពលោកទទួលស្គាល់លោក Putin ជាប្រធានាធិបតីស្របច្បាប់ឡើយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា លោក Putin ទទួលបានជ័យជម្នះមិនធ្លាប់មានពីមុនមក នៅក្នុងការបោះឆ្នោត ដោយបញ្ជាក់ថា លោកទទួលបានការគាំទ្រពីសាធារណជនយ៉ាងច្រើនលើសលប់។
ប្រទេសលោកខាងលិចមួយចំនួននិយាយថា ការបោះឆ្នោតនេះមិនយុត្តិធម៌ឡើយ ហើយក្រុមឃ្លាំមើលការបោះឆ្នោតឯកជនមួយនៅក្នុងប្រទេសរុស្ស៊ី បានដកស្រង់សម្តីអ្នកជំនាញដែលនិយាយថា សន្លឹកឆ្នោត២២លាន ក្នុងចំណោមសន្លឹកឆ្នោត ៧៦,២៧ លានសន្លឹក លោកPutin ត្រូវបានប្រកាសថា មានការរៀបចំ ដើម្បីបង្កើនការនាំមុខរបស់លោក។ ក្រុមនេះអះអាងថា ការបោកបញ្ឆោតនេះ គឺជាការបន្លំសន្លឹកឆ្នោតដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ។