មន្ត្រីអាកាសធាតុនៅក្នុងប្រទេសជប៉ុន ព្យាករណ៍ថាមានខ្យល់បោកបក់ខ្លាំងនៅទូទាំងប្រទេស នៅថ្ងៃពុធនេះ ព្រមទាំងមានរលកខ្ពស់ៗ និងព្រិលធ្លាក់ខ្លាំង ជាពិសេសនៅតាមតំបន់ភ្នំ។ ទីភ្នាក់ងារឧតុនិយម បាននិយាយថា ស្ថានភាពបរិយាកាសមិនស្ថិតស្ថេរសម្រាប់នៅពេលថ្ងៃ ហើយកំពុងជំរុញឱ្យប្រជាជន មានការប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក រលកខ្ពស់ និងព្រិលធ្លាក់ខ្លាំង។ ប្រជាជនគួរតែយល់ដឹងពីភាពអាចកើតមានឡើងនៃផ្គរន្ទះ និងព្យុះផងដែរ។

ទីភ្នាក់ងារ និយាយថា ខ្យល់កំពុងបង្កើនកម្លាំងជាចម្បងនៅភាគខាងលិច និងភាគខាងកើតប្រទេសជប៉ុន ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប។
គិតត្រឹមម៉ោង ៥ ព្រឹកថ្ងៃពុធ ល្បឿនខ្យល់បក់ភ្លាមៗអតិបរមា ៨៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេសង្កេតឃើញនៅក្នុងទីក្រុងយូវ៉ាជីម៉ា(Uwajima)។ ប្រព័ន្ធសម្ពាធទាប ត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងកើតប្រទេសជប៉ុន ខណៈកំពុងវិវឌ្ឍ ដោយនាំមកនូវខ្យល់បក់ខ្លាំងទៅកាន់ផ្នែកធំៗរបស់ប្រទេសជប៉ុន ពីខាងលិចទៅភាគខាងជើង និងបណ្តាលឱ្យមានរលកសមុទ្រខ្ពស់ៗ។

ក្រុមមន្ត្រីបាននិយាយថា ព្រិលធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងកើតមាននៅតំបន់ភ្នំនៅតាមបណ្តោយឆ្នេរសមុទ្រជប៉ុន ពីភាគខាងលិចរហូតដល់ភាគខាងកើតប្រទេសជប៉ុន។
ក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ កម្រិតនៃការធ្លាក់ព្រិលមានរហូតដល់ ៧០ សង់ទីម៉ែត្រត្រូវបានរំពឹងទុកនៅក្នុងតំបន់ Hokuriku ៦០សង់ទីម៉ែត្រនៅក្នុងតំបន់ Kanto-Koshin និង ៤០សង់ទីម៉ែត្រនៅក្នុងតំបន់ Chugoku ។