ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២០ ខែមីនានេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦» ជូនដល់សិក្ខាកាមដែលជាមន្រ្តីជាន់ខ្ពស់ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងស្ថានទូតអូស្រ្តាលី សរុបចំនួន ១៦២នាក់ ក្នុងនោះស្រ្តីចំនួន២៩នាក់។ ពិធីនេះ រៀបចំធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា ភាពជាអ្នកដឹកនាំចាំបាច់ត្រូវតែមានកក្តាចំនួន៣រួមមាន៖ ចក្ខុវិស័យ ជំនាញ និងអត្តចរិតទន់ភ្លន់តែហ្មត់ចត់នឹងការងារ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់អាទិភាពគន្លឹះចំនួន ៥រួមមាន៖មនុស្ស ផ្លួវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយសិក្ខាសាលា ស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍នាពេលនេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងអាទិភាពគន្លឹះទី១.មនុស្ស នៃយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ហើយក៏ស្របទៅតាមអាទិភាពដែលមានចែកក្នុងមុំទី១,២ នៃស្នូលយុទ្ធសាស្រ្តបញ្ចាកោណ ឆ្លើយតបការពង្រឹង និងកែទម្រង់ស្ថាប័ន តាមរយៈការពង្រីកសមត្ថភាពជាអ្នកដឹកនាំ និងការរៀបចំបណ្តាអ្នកដឹកនាំ ព្រមទាំងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ប្រកបដោយតម្លាភាព ជំនាញ ឆន្ទះ ម្ចាស់ការ និងក្របសីលធម៌វិជ្ជាជីវៈស្របតាមតួនាទី និងការទទួលខុសត្រូវ។

គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦» ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ។ វគ្គនេះ មានគោលបំណងគាំទ្រការអភិវឌ្ឍចំណេះដឹង ជំនាញ និងផ្ដល់នូវឱកាសបណ្ដុះបណ្ដាល ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសមត្ថភាពពិតប្រាកដរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា៕ អត្ថបទ៖ ទូច សោភ័ណ


