ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ បានអនុញ្ញាតអង្គការអភិរក្សអន្តរជាតិ (CI) ដឹកនាំដោយលោកនាយក អ៊ុំ សូនី ជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនដែលពាក់ព័ន្ធការធ្វើបច្ចុប្បន្នភាព នៃការអនុវត្តកម្មវិធីបឹងទន្លេសាប។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះអង្គការអភិរក្សអន្តរជាតិ ដែលស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីក្រសួងកសិកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តម បានគូសបញ្ជាក់អំពីគោលនយោបាយវិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង ធ្វើឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាជូនប្រជាកសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗទៀត រួមទាំងការគ្រប់គ្រងធនធានធម្មជាតិផងដែរ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី អង្គការអភិរក្សអន្តរជាតិ ត្រូវយល់ឱ្យបានច្បាស់លាស់ពីគោលនយោបាយជាតិដែលបានដាក់ចេញនៅអាណត្តិទី៧នេះ និងត្រូវយល់ពីគ្នា សហការជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចគោលដៅរួម។ លើសពីនេះទៀត ឯកឧត្តម បានបញ្ជាក់បន្ថែមថា អង្គការ ត្រូវសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងយល់ឱ្យបានច្បាស់ រវាងការអភិរក្ស និងការអភិវឌ្ឍ ដោយត្រូវជំរុញឱ្យមានតុល្យភាពសេដ្ឋកិច្ចដល់កសិករ លើកកម្ពស់ជីវភាពសហគមន៍ និងការចូលរួមរបស់សហគមន៍ក្នុងការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិ និងកសិកម្ម។

សូមជម្រាបជូនថា អង្គការអភិរក្សអន្តរជាតិ ទទួលបានមូលនិធិពីប្រទេសបារាំង និងបានបំពេញបេសកកម្មរបស់ខ្លួននៅប្រទេសកម្ពុជាប្រមាណជាង ២ទសវត្សន៍មកហើយ ក្នុងកិច្ចការការពារ និងគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងចូលរួមគាំទ្រដល់ជីវភាពសហគមន៍ដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី៕


