ប្រទេសចិនបានរិះគន់បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកបានសន្យាថាប្រទេសរបស់លោកត្រៀមខ្លួនដើម្បីគាំទ្រហ្វីលីពីន ដែលជាគូប្រជែងក្នុងតំបន់របស់ទីក្រុងប៉េកាំង។

លោក Antony Blinken បានសន្យាកាលពីថ្ងៃអង្គារអំឡុងដំណើរទៅកាន់ទីក្រុងម៉ានីលថាទីក្រុងវ៉ាស៊ីនតោនរក្សាការប្តេជ្ញាចិត្តរឹងមាំដូចដែកថែបឥតងាករេ ដើម្បីការពារហ្វីលីពីន។
សហរដ្ឋអាមេរិកបាននិងកំពុងបង្កើនទំនាក់ទំនងការទូតកាន់តែស៊ីជម្រៅ និងយោធាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនផ្សេងៗនាពេលថ្មីៗនេះ ខណៈភាពតានតឹងជាមួយចិនកំពុងកើនឡើង។
ទីក្រុងប៉េកាំងបានឆ្លើយតបភ្លាមៗចំពោះសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិក ដោយទទូចថាសហរដ្ឋអាមេរិក គ្មានសិទ្ធិជ្រៀតជ្រែកក្នុងសមុទ្រចិនខាងត្បូងនោះទេ ជាទីដែលទីក្រុងប៉េកាំង និងម៉ានីលសុទ្ធតែបានអះអាងសិទ្ធិគ្រប់គ្រងរៀងៗខ្លួន ក្នុងដែនទឹកពោពេញដោយការប្រកួតប្រជែងគ្នា។

ភាពតានតឹងបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ស្របពេលមានឧបទ្ទវហេតុ រួមទាំងការប៉ះទង្គិចគ្នារវាងនាវាហ្វីលីពីន និងនាវាចិន នៅជិតថ្មប៉ប្រះទឹកដែលមានជម្លោះ។
លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីលោក អ៊ីរីគ ម៉ាណាឡូ(Enrique Manalo) ថាផ្លូវទឹកទាំងនេះមានសារៈសំខាន់សម្រាប់ហ្វីលីពីន ចំពោះសន្តិសុខ និងសេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរចំពោះផលប្រយោជន៍ក្នុងតំបន់ សហរដ្ឋអាមេរិក និងពិភពលោក៕