ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាវាដឹកប្រេងបំពាក់ទង់ជាតិកូរ៉េខាងត្បូង បានក្រឡាប់នៅព្រឹកថ្ងៃពុធនេះ នៅឆ្នេរសមុទ្រនៃកោះ មុតសួ(Mutsure) ក្នុងខេត្តយ៉ាម៉ាហ្គូជិ(Yamaguchi) ភាគខាងលិចប្រទេសជប៉ុន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK បានរាយការណ៍ ដោយដកស្រង់សម្តីឆ្មាំល្បាតឆ្នេរជប៉ុននិយាយថា នាវិក ១១ នាក់នៅលើនាវាដឹកប្រេង កេអយយ៉ុង ស៊ុន(Keoyoung Sun) រួមមានជនជាតិកូរ៉េខាងត្បូងពីរនាក់ និងជនបរទេស ៩ នាក់ផ្សេងទៀត។ រហូតមកដល់ពេលនេះ មនុស្ស ៤ នាក់ ត្រូវបានជួយសង្គ្រោះនៅជិតកន្លែងកើតហេតុ។

ការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ ត្រូវបានធ្វើឡើងដើម្បីជួយសង្គ្រោះនាវាដឹកប្រេងនៅភាគខាងលិច កោះ Mutsure ខេត្ត Yamaguchi នៅម៉ោងប្រហែល ៧:០៥ នាទីព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃពុធ នេះដោយនិយាយថា នាវានេះផ្អៀងយោលចុះឡើងដោយសារតែអាកាសធាតុមិនអំណោយផល ដែលត្រូវការ ការជួយសង្គ្រោះ។
យោងតាមឆ្មាំល្បាតឆ្នេរបានឲ្យដឹងថា នាវាបានក្រឡាប់ ព្រោះវាត្រូវបានបោះយុថ្កា ដោយសារអាកាសធាតុមិនអំណោយផល ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត ខណៈសុវត្ថិភាពនៃនាវិកដែលបាត់ខ្លួន នៅពុំទាន់ដឹងនៅឡើយ។