ភ្នំពេញ៖ អាជ្ញាធរខណ្ឌឫស្សីកែវបានចុះត្រួតពិនិត្យ និងអប់រំណែនាំ ដល់ទីតាំងយានដ្ឋានប្រកបអាជីវកម្មនូវឧបករណ៍ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវធ្វើការបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ បើពុំដូចនេះទេអាជ្ញាធរនិងចាត់វិធានការផ្លូវច្បាប់។
ជាក់ស្ដែង នៅព្រឹកថ្ងៃពុធទី ២០ ខែមីនា ឆ្នាំ២០២៤ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវបានចាត់ឲ្យ លោក ផល្លា ផលសម្បត្តិ នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំការិយាល័យសាធារណការ អនាម័យ បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈ សហការជាមួយរដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ ចុះស្រង់ស្ថិតិ ទីតាំងយានដ្ឋានជួសជុលរថយន្ត។ ក្នុងនោះផងដែរក៏បានណែនាំដល់យានដ្ឋានជួសជុលរថយន្ត មិនអមិនអោយមានការកែឆ្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស សុីផ្លេ រថយន្តផ្សេងៗ និងបានជំរុញអោយម្ចាស់យានដ្ឋានដែរពុំមានច្បាប់ ត្រូវធ្វើការសុំច្បាប់អនុញ្ញាតិអោយបានត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរ កាលពីព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង មួយ ស្ដីពីការ ហាមឃាត់ការប្រើប្រាស់ ការតាំងលក់ និងការកែច្នៃ ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស នៅរាជធានីភ្នំពេញ ដោយទុកឪសានវាទ ១សប្ដាហ៍ ត្រូវធ្វើការបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ ក្នុងករណីនៅតែបន្តលក់ឧបករណ៍ ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូត ព្រមទាំងបិទទីតាំងអាជីវកម្មតែម្តង៕
អត្ថបទ៖ កុម្ភៈ








