
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) កំពុងធ្វើដំណើរត្រឡប់ទៅមជ្ឈិមបូព៌ាវិញនៅថ្ងៃពុធ (២០ មីនា) នេះសម្រាប់ដំណើរទស្សនកិច្ចលើកទីប្រាំមួយរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងមួយដើម្បីធានាបាននូវការផ្អាកបណ្តោះអាសន្នក្នុងការប្រយុទ្ធ និងការដោះលែងចំណាប់ថ្នូរ ដែលកាន់កាប់ដោយក្រុមហាម៉ាស។
អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ប្លីងខិន នឹងជួបមេដឹកនាំអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុង ចេដដា (Jeddah) និងមេដឹកនាំអេហ្ស៊ីប នៅទីក្រុងគែរ ដើម្បីពិភាក្សាពីកិច្ចពិភាក្សា ដែលសម្របសម្រួលដោយអេហ្ស៊ីប និងកាតា លើកិច្ចព្រមព្រៀងមួយ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានជំនួយបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា។
កិច្ចពិភាក្សាស្តីពីបទឈប់បាញ់កំពុងបន្តនៅសប្តាហ៍នេះក្នុងប្រទេសកាតា ប៉ុន្តែការចរចាដ៏តានតឹងជាច្រើនសប្តាហ៍មិនទាន់អាចបង្កើតកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បាននៅឡើយទេ ដោយទីក្រុង វ៉ាស៊ីនតោន សង្ឃឹមថានឹងជួយបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដែលកំពុងគ្របដណ្ដប់តំបន់ហ្កាហ្សា។
លោក ប្លីងខិន បាននិយាយថា លោកក៏នឹងបន្តការសន្ទនាស្តីពីការរៀបចំអភិបាលកិច្ច សន្តិសុខ និងការអភិវឌ្ឍឡើងវិញនៃតំបន់ហ្កាហ្សាក្រោយជម្លោះ។ លោក ប្លីងខិន មិនត្រូវបានគ្រោងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងការធ្វើដំណើរនេះទេ ទោះបីជាមានដំណើរទស្សនកិច្ចជាច្រើនដងទៅកាន់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ នៅដំណើរក្នុងតំបន់មុនៗរបស់លោកចាប់តាំងពីថ្ងៃទី០៧ ខែតុលា ក៏ដោយ៕